បច្ចុប្បន្នភាព​ព័ត៌មាន៖ ចំនួន​អ្នកស្លាប់​កើន​ដល់ ៣២នាក់ និង​របួស ១១០នាក់​ក្នុង​ហេតុ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ទីក្រុង​បា​កដាដ

0

រដ្ឋមន្ត្រី​សុខាភិបាល​អ៊ីរ៉ាក់​លោក Hassan al-Tamimi មានប្រសាសន៍ថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន៣២នាក់​ស្លាប់ និង​ចំនួន១១០នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទីក្រុង​បា​កដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លោក al-Tamimi អះអាងថា មន្ទីរពេទ្យ​នៅក្នុង​ទីក្រុង​បា​កដាដ​ទទួលបាន​សាកសព​ចំនួន៣២នាក់​រីឯ​អ្នករងរបួស​មាន​ចំនួន១១០នាក់។ លោក​បន្ថែមថា អ្នករងរបួស​ភាគច្រើន​ទទួល​ការព្យាបាល​រួចហើយ​ហើយ​ចាក​ចេញពី​មន្ទីរពេទ្យ ដោយ​នៅសល់តែ​ចំនួន៣៦នាក់​ទៀត​ប៉ុណ្ណោះ​ដែល​នៅ​សម្រាក​ព្យាបាល​បន្ត។

ដំបូង​មានការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដោយ​ប្រើ​ខ្សែរ​ក្រវ៉ាត់​ភ្ជាប់​គ្រឿងផ្ទុះ​កើតឡើង ហើយ​ក្រោយមកទៀត​មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ផ្សេងទៀត​ក្នុង​ផ្សារ​តែមួយ​នៅក្នុង​តំបន់ Bab al-Sharji ។

ពុំទាន់​មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ ប៉ុន្តែ​ភាគច្រើន​ក្រុម​រដ្ឋ​អ៊ីស្លាម​ជ្រុលនិយម (IS) ជា​អ្នកអះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​អត្តឃាត​ដែល​កំណត់​គោលដៅ​លើ​កងកម្លាំង​សន្តិសុខ និង​នៅ​តំបន់​ដែលមាន​មនុស្ស​ច្រើន​ដោយមាន​ទាំង​នៅ​ផ្សារ ហាង​កាហ្វេ និង​វិហារ​អ៊ីស្លាម​នៅ​ទូទាំងប្រទេស​អ៊ីរ៉ាក់។

សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​គឺ​កម្រ​មាន​ណាស់​នៅ​ទីក្រុង​បា​កដាដ​ដោយសារតែ​ស្ថានភាព​សន្តិសុខ​មាន​ភាពប្រសើរឡើង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ចាប់តាំងពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ IS នៅ​ទូទាំងប្រទេស​នៅ​ចុងឆ្នាំ២០១៧។

ទោះជា​យ៉ាងណា ឧប្បត្តិ​ហេតុដែល​អា​ចស​ម្លា​ប់​មនុស្ស​ជាច្រើន​នៅតែ​កើតមាន​នៅក្នុង​ប្រទេស​ដែល​កំពុង​រង​ការ​ហែកហួរ​ពី​សង្គ្រាម​ខណៈ ដែល​សំណល់​សមាជិក​ឧទ្ទាម IS បាន​បង្កប់ខ្លួន​នៅក្នុង​តំបន់​ទីក្រុង ឬ​វាល​ខ្សាច់ និង​តំបន់​ដែល​រឹងមាំ​ផ្សេងទៀត​ដោយ​ធ្វើការ​វាយប្រហារ​ឆ្មក់​ជា​ញឹកញាប់​ប្រឆាំងនឹង​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here