នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul-Gheit បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួនពីរលើកជាប់គ្នានៅតំបន់ពាណិជ្ជកម្មដែលមានមនុស្សច្រើននៅរដ្ឋធានីបាកដាដក្នុងប្រទេសអ៊ីរ៉ាក់។ លោក Aboul-Gheit មានប្រសាសនន៍ថា៖ “ការវាយប្រហារភេរវកម្មនោះគឺជាសកម្មភាពដ៏សាហាវដែលកើតឡើងនៅពេលវេលាដ៏សំខាន់បំផុត។ ការវាយប្រហារនោះពិតជាមានគោលបំណងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីរ៉ាក់ក្នុងការស្តារសន្តិសុខ និងស្ថេរភាពរបស់ប្រទេសនិងសម្រេចបាននូវកំណែទម្រង់សេដ្ឋកិច្ចដែលចង់បាន”។
លោកលើកឡើងពីការគាំទ្រពេញទំហឹងចំពោះស្ថាប័នអារ៉ាប់សម្រាប់រដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការចាត់វិធានការណាមួយដើម្បីពង្រឹងនូវសន្តិសុខនិងសុវត្ថិភាពរបស់ខ្លួនក្នុងការប្រឆាំងនឹងបញ្ហាភេរវកម្មដែលគំរាមកំហែងដល់តំបន់ទាំងមូល។
គួររំលឹកផងដែរថា នៅវេលាព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ទី២១ ម្សិលមិញនេះមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្សែក្រវាត់ដែលមានភ្ជាប់គ្រឿងផ្ទុះនៅក្នុងផ្សារដ៏ពេញនិយមមួយនៅទីក្រុងបាកដាដមុនពេលអ្នកទី២ បំផ្ទុះគ្រាប់បែកអត្តឃាតនៅរយៈពេលពីរឬបីនាទីក្រោយមកទៀតនៅក្នុងផ្សារតែមួយដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន៣២នាក់ និងរបួសចំនួន១១០នាក់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua| ចុះផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០២១