ឧទ្ទាម Houthi ចំនួន៣៤នាក់​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ភាគ​កណ្តាល​ប្រទេស​យេ​ម៉ែន

0

ប្រភព Houthi  ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា នៅ​ថ្ងៃអាទិត្យ ទី២៤ ខែមករា កងកម្លាំង​អា​រ៉ា​ប៊ី​សា​អូឌីត​វាយប្រហារ​តាម​អាកាស​នៅ​ខេត្ត Marib ក្នុងប្រទេស​យេ​ម៉ែន។ ការវាយប្រហារ​នោះ​សម្លាប់​សមាជិក​ឧទ្ទាម​ចំនួន៣៤នាក់។

ប្រភព​ឧទ្ទាម​នៅ​តំបន់ Sirwah និយាយថា ការវាយប្រហារ​តាម​អាកាស​បាន​វាយប្រហារ​ទៅលើ​អ្នក​ប្រយុទ្ធ Houthi នៅក្នុង​ស្រុក Sirwah ខណៈពេលដែល​ពួកគេ​ទាំងនោះ​កំពុង​ស្ថិតនៅ​ខាងក្រោយ​រថយន្តយោធា​ចំនួន៣គ្រឿង ដែល​ធ្វើដំណើរ​ឆ្ពោះទៅមុខ។

ទូរទស្សន៍ Houthi-al-Masirah រាយការណ៍​ផងដែរ​ថា ការវាយប្រហារ​តាម​អាកាស​របស់​កម្លាំងចម្រុះ​ធ្វើឡើង​នៅក្នុង​ស្រុក Sirwah ភាគ​ខាងកើត​ខេត្ត Marib ដោយ​ប្រភព​នេះ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អ្វី​បន្ថែមទៀត​នោះទេ។

ខេត្ត Marib ជា​តំបន់​ផលិត​ហ្គាស​មាន​ចម្ងាយ​ប្រហែល១៧៣គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​នៃ​រដ្ឋធានី Sanaa ដោយ​តំបន់​នោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​យេ​ម៉ែនខណៈដែល​ក្រុម​ឧទ្ទាម​Houthi បាន​ព្យាយាម​ធ្វើដំណើរ​ឆ្ពោះទៅ​ស្រុក​មួយចំនួន​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​នៃ​ប្រទេស។

គួ​រំលឹក​ផងដែរ​ថា ប្រទេស​យេ​ម៉ែន​ធ្លាក់​ទៅក្នុង​សង្គ្រាមស៊ីវិល​ចាប់តាំងពី​ចុងឆ្នាំ២០១៤ នៅពេលដែល​កងកម្លាំង​ជីវពល Houthi គាំទ្រ​ដោយ​អ៊ីរ៉ង់​ធ្វើការ​កាន់កាប់​ខេត្ត​មួយចំនួន​នៅ​ភាគ​ខាងជើង និង​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ដែលមាន​ការទទួលស្គាល់​ពី​អន្តរជាតិ​ប្រធានាធិបតី​លោក Abd-Rabbu Mansour Hadi ចេញពី​តំបន់ Sanaa។ លើសពីនេះ

សម្ព័ន្ធ​អារ៉ាប់​បានចាប់ផ្តើម​ធ្វើ​អន្តរាគមន៍​នៅក្នុង​ជម្លោះ​ប្រទេស​យេ​ម៉ែន​ចាប់ពី​ឆ្នាំ២០១៥ ដើម្បី​គាំទ្រ​រដ្ឋាភិបាល Hadi ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here