កម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍នេះបានចាប់ខ្លួនក្រុមជីហាដ ISIS យ៉ាងហោចណាស់ចំនួន ៦នាក់នៅក្នុងទីក្រុង Mosul។
មេបញ្ជាការប៉ូលិសខេត្ត Nineveh លោកឧត្តមសេនីយ៍ទោ Laith Khalil al-Hamdani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកសកម្មប្រយុទ្ធទាំង៦នាក់ត្រូវបានចាប់ខ្លួននៅក្នុងសង្កាត់នានាក្នុងទីក្រុង Mosul។
យោងតាមលោក Hamdani យ៉ាងហោចណាស់អ្នកបះបោរ ២នាក់ធ្លាប់ធ្វើការនៅក្នុងក្រុមសកម្មប្រយុទ្ធដែលគេហៅថា Al-Hisbah និងម្នាក់ទៀតក្រុម al-Amniah ខណៈដែល៣នាក់ផ្សេងទៀតធ្លាប់បម្រើការនៅក្នុងក្រុម Divan Al-Jund និង Al-Furqan។
គួរបញ្ជាក់ថាក្រុម ISIS បានចាប់ផ្តើមរៀបចំក្រុមរបស់ខ្លួនសារជាថ្មីនៅតាមតំបន់ផ្សេងៗនៃប្រទេសអ៊ីរ៉ាក់ ខណៈក្រុមនេះបានចូលរួមក្នុងការវាយប្រហារទៅលើកងសន្តិសុខអ៊ីរ៉ាក់ និងជនស៊ីវិល។
ក្រុមជីហាដនិយមក៏បានអះអាងទទួលខុសត្រូវផងដែរចំពោះការវាយប្រហារដោយគ្រាប់បែក ចំនួន ២លើកកាលពីថ្ងៃព្រហស្បតិ៍នេះនៅរដ្ឋធានីបាដាដដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២ នាក់បានបំផ្ទុះខ្លួនឯង និងសម្លាប់មនុស្សជាង៣០នាក់ដែលភាគច្រើនជាជនស៊ីវិល និងបណ្តាលឲ្យមនុស្ស១១០នាក់ផ្សេងទៀតរងរបួស។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១