ប៉ូលិស​កេ​ន​យ៉ា​សួរចម្លើយ​ជនសង្ស័យ​ជា​ភេរ​វករ

0

មេបញ្ជាការ​ប៉ូលិស​នៅក្នុង​រដ្ឋធានី​មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​ថា អាជ្ញាធរ​ប្រទេស​កេ​ន​យ៉ា​កំពុងធ្វើការ​សាកសួរ​ចម្លើយ​លើ​ជនសង្ស័យ​ជា​ភេរ​វករ​ម្នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​នោះបាន​ជាមួយនឹង​រូបថត​របស់​ស្ថានីយ៍​ប៉ូលិស ស្ថានទូត និង​អាគារផ្សេងៗទៀត​នៅក្នុង​ទីក្រុង Nairobi។

មេបញ្ជាការ​ប៉ូលិស​ក្រុង Nairobi លោក Rashid Yakub មានប្រសាសន៍ថា សមត្ថកិច្ច​ចាប់ខ្លួន​លោក Augustine Juma នៅ​ថ្ងៃអាទិត្យ ទី២៤ ខែមករា​នេះ ដោយបាន​រកឃើញ​វីដេអូឃ្លី​ប​ខ្លី​របស់គាត់​ដែល​ក្នុង​វីដេអូរ​នោះ​គាត់​បានធ្វើ​ទារុណកម្ម​លើ​បុរស​ម្នាក់ទៀត​ដោយ​ដាក់​ខ្នោះ។

មេបញ្ជាការ​រូបនោះ​អះអាងថា ជនសង្ស័យ​មាន​អាយុ៣៤ឆ្នាំ​ជា​ជនជាតិ​កេ​ន​យ៉ា​ត្រូវ​សមត្ថកិច្ច​ប្រគល់​ទៅ​អង្គភាព​ប៉ូលិស​ប្រឆាំង​ភេរវកម្ម។ លោក Yakub បន្តថា គេ​រកឃើញ​រូបភាព​មួយចំនួន​ដូចជា​រូប​ធនាគារកណ្តាល​នៃ​ប្រទេស​កេ​ន​យ៉ា ការិយាល័យ​កណ្តាល​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម ស្ថានទូត​អ៊ីស្រាអែល និង​ស្ថានីយ​ប៉ូលិស​ជាច្រើន​នៅ​ទីក្រុង Nairobi នៅក្នុង​ទូរស័ព្ទដៃ​របស់លោក Juma ។ លោក​មានប្រសាសន៍ថា៖

“យើង​មិនដឹងថា​គាត់​មាន​ចេតនា​អ្វី​នោះទេ ប៉ុន្តែ​យើង​នឹង​ដឹង​បន្ថែមទៀត​នៅក្នុង​ដំណើរការ​នៃ​ការសួរចម្លើយ” ។

លោក Yakub បន្ថែមថា គេ​ថែមទាំង​បាន​រកឃើញ​រូបភាព​មន្ត្រីប៉ូលិស​កេ​ន​យ៉ា​នៅក្នុង​ការហ្វឹកហាត់​ហ្វឹកហាត់ផ្សេងៗ  និង​រូបភាព​ពលរដ្ឋ​កេ​ន​យ៉ា​ដែល​ត្រូវ​ក្រុម al-Shabab សម្លាប់ និង​ក្រុម​ប្រដាប់អាវុធ​ជាប់​សង្ស័យ​ជា​ក្រុម​សកម្មប្រយុទ្ធ។

អ្នកស៊ើប​អង្កេត​ដែល​ចាប់បាន​ជនសង្ស័យ​និយាយថា អ្នកស៊ើប​អង្កេត​ចង់​និយាយ​ជាមួយ​មិត្តភក្តិ និង​សាច់ញាតិ​របស់​ជនសង្ស័យ ដែល​នោះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​អ្នកស៊ើប​អង្កេត​ដើម្បី​ស្វែងយល់​ពី​សាវតារ​បស់ជនស​ង្ស័​យ​ដូចជា​ថា​តើ​គាត់​បាន​ចំណាយពេល​នៅ​ប្រទេស​សូ​ម៉ាលី​ដែរ​ឬ​យ៉ាងណា។ ប៉ូលិស​និយាយថា ពួកគេ​បាន​រំខាន​ដល់​ការវាយប្រហារ​ភេរវកម្ម​ដែល​បានគ្រោង​ទុកជា​ច្រើន​នៅក្នុង​ប្រទេស។

គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​កេ​ន​យ៉ា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ប្រឆាំង​ជាមួយនឹង​ការគំរាមកំហែង​ភេរវកម្ម​ដែល​បង្កឡើង​ដោយ​សមាជិក​សកម្មប្រយុទ្ធ Shabab ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម al-Qaida។  ក្រុម al-Qaida ជា​ញឹកញាប់​ធ្វើការ​វាយប្រហារ​នៅ​ភាគ​ឥសាន​នៃ​ប្រទេស​កេ​ន​យ៉ា​ជាពិសេស​នៅ​តំបន់ Mandera និង Garissa ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​សូ​ម៉ាលី ដោយ​សម្លាប់​ជន​ស៊ីវិល និង​បុគ្គលិក​សន្តិសុខ​ជាច្រើន​នាក់៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here