កម្លាំងចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បើក​ការវាយប្រហារ​តាម​អាកាស​ចំនួន១៨លើក​ទៅលើ​ក្រុម​ឧទ្ទាម Houthi ក្នុង​ទីក្រុង Marib

0

ក្រុម​ឧទ្ទាម Houthi យេ​ម៉ែន​និយាយថា នៅ​ថ្ងៃ​ចន្ទ ទី២៥ ខែមករា យន្តហោះ​ចម្បាំង​របស់​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បើក​ការវាយប្រហារ​តាម​អាកាស​សរុប​ចំនួន១៨លើក​លើ​យុទ្ធជន Houthi នៅក្នុង​ខេត្ត Marib នៃ​ប្រទេស​យេ​ម៉ែន។

ប្រភព​ទូរទស្សន៍ Houthi-al-Masirah ចុះផ្សាយ​ថា ការវាយប្រហារ​តាម​អាកាស​កំណត់​គោលដៅ​លើ​ទីតាំង​ជាច្រើន​នៅក្នុង​ស្រុក Sirwah ភាគ​ខាងលិច​នៃ​ខេត្ត Marib ដោយ​ប្រភព​នេះ​ពុំបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ។ អ្នកស្រុក​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា៖“ការវាយប្រហារ​តាម​អាកាស​កំណត់​គោលដៅ​លើ​កម្លាំងយោធា​របស់​ឧទ្ទាម Houthi នៅតាម​ដងផ្លូវ​វាល​ខ្សាច់ នៅ​ឃ្លាំង​អាវុធ​លើ​ភ្នំ និង​ទីតាំង​យោធា​ដទៃទៀត​របស់​ក្រុម​ឧទ្ទាម” ។

ប្រភព​សន្តិសុខ Houthi ក្នុង​តំបន់​បញ្ជាក់ថា ការវាយប្រហារ​តាម​អាកាស​ធ្វើឡើង​ក្រោយពី​មានការ​វាយប្រហារ​តាម​អាកាស​ផ្សេងទៀត​នៅលើ​ស្រុក​តែមួយ​ដោយបាន​សម្លាប់​សមាជិក​ក្រុម​ឧទ្ទាម Houthi យ៉ាងហោចណាស់​ចំនួន៣៤នាក់។

ខេត្ត Marib ជា​ខេត្ត​ផលិត​ហ្គាស និង​មាន​ទីតាំងនៅ​ចម្ងាយ​ប្រហែល ១៧៣គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​នៃ​រដ្ឋធានី Sanaa ដោយ​តំបន់​នោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​យេ​ម៉ែន​ខណៈដែល​ក្រុម​ឧទ្ទាម​Houthi ព្យាយាម​ធ្វើដំណើរ​ឆ្ពោះទៅ​ស្រុក​មួយចំនួន​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​នៃ​ប្រទេស។

គួ​រំលឹក​ផងដែរ​ថា ប្រទេស​យេ​ម៉ែន​ធ្លាក់​ទៅក្នុង​សង្គ្រាមស៊ីវិល​ចាប់តាំងពី​ចុងឆ្នាំ២០១៤ នៅពេលដែល​កងកម្លាំង​ជីវពល Houthi គាំទ្រ​ដោយ​អ៊ីរ៉ង់​ធ្វើការ​កាន់កាប់​នៅ​ខេត្ត​មួយចំនួន​នៅ​ភាគ​ខាងជើង និង​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ដែលមាន​ការទទួលស្គាល់​ពី​អន្តរជាតិ​ប្រធានាធិបតី​លោក Abd-Rabbu Mansour Hadi ចេញពី​តំបន់ Sanaa។ លើសពីនេះ សម្ព័ន្ធ​អារ៉ាប់​ចាប់ផ្តើម​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​ប្រទេស​យេ​ម៉ែន​ចាប់ពី​ឆ្នាំ២០១៥ ដើម្បី​គាំទ្រ​រដ្ឋាភិបាល Hadi ៕

LEAVE A REPLY

Please enter your comment!
Please enter your name here