អាជ្ញាធរនិយាយនៅថ្ងៃពុធ ទី២៧ ខែមករាថា មានហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួនពីរកើតឡើងនៅទីតាំងចំនួនពីរកន្លែងផ្សេងគ្នាដោយបណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់និងចំនួន១៣នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យប៉ូលិសទីក្រុងកាប៊ុលលោក Ferdaus Faramarz ប្រាប់ភ្នាក់ងារសារព័ត៌មានថានៅក្នុងទីក្រុងកាប៊ុលមានមន្ត្រីប៉ូលិសចំនួន២នាក់រងរបួសស្រាលនៅពេលដែលគ្រឿងផ្ទុះ (IED) វាយប្រហារលើរថយន្តដឹកទំនិញមួយគ្រឿងនៅតំបន់ Police District ១៥ នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ។
លោកមានប្រសាសន៍ថា គ្រឿងផ្ទុះ IED ទំនងជាបំផ្ទុះដោយមានការបញ្ជាពីចម្ងាយ ហើយក្រុមជំនាញរបស់នាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ។ លើសពីនេះ នៅភាគខាងត្បូងខេត្ត Uruzgan មានមន្ត្រីប៉ូលិសចំនួន២នាក់ និងជនស៊ីវិលចំនួន១នាក់ស្លាប់ រួមទាំងមានជនស៊ីវិលចំនួន១០នាក់ផ្សេងទៀត និងប៉ូលិសចំនួន១នាក់រងរបួសនៅក្នុងហេតុការណ៍បំផ្ទុះស្រដៀងគ្នានេះនៅយប់ថ្ងៃអង្គារ។
លោក Mohammad Omar Shirzad អភិបាលខេត្ត Tirin Kot បញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានថា រថយន្តដឹកទំនិញរបស់មន្ត្រីប៉ូលិសរងការបំផ្លាញពីហេតុការណ៍ផ្ទុះដែលកើតឡើងនៅក្នុងតំបន់ Police District 1 នៅក្នុងទីរួមខេត្ត Tirin Kot។
ពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ទោះយ៉ាងណាមន្ត្រីអាហ្វហ្គានីស្ថានស្តីបន្ទោសលើក្រុមសកម្មប្រយុទ្ធតាលីបង់ចំពោះការផ្ទុះគ្រាប់បែកនៅរយៈពេលប៉ុន្មានខែថ្មីៗនេះ៕
ប្រែសម្រួល៖ Pouk Leakhena
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១