អ្នកនាំពាក្យប៉ូលិសខេត្តលោក Farid Khan មានប្រសាសន៍ថា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា មានហេតុការណ៍ផ្ទុះមួយកើតឡើងនៅក្នុងស្រុក Surkh Rod ភាគខាងកើតខេត្ត Nangarhar បណ្តាលឲ្យប៉ូលិសចំនួន៣នាក់រងរបួស។
លោកបញ្ជាក់ថា ការវាយប្រហារនោះកើតឡើងនៅម៉ោងប្រហែល១១និង០០នាទីម៉ោងក្នុងស្រុក។ ការវាយប្រហារដោយប្រើគ្រាប់បែកម៉ាញេទិកបាននិងកំពុងកើនឡើងនៅក្នុងទីក្រុងធំៗក្នុងប្រទេសអាហ្វហ្គានីស្ថានរួមទាំងនៅក្នុងទីក្រុងកាប៊ុល។
ស្រដៀងគ្នានេះដែរ ហេតុការណ៍បំផ្ទុះគ្រាប់បែកមួយទើបតែកើតឡើងនៅថ្ងៃពុធ ទី២៧ ខែមករា នៅក្នុងទីក្រុងកាប៊ុល សម្លាប់មនុស្សចំនួន៣នាក់ ដោយក្នុងនោះមានប៉ូលិសចំនួន២នាក់ និងបណ្តាលឲ្យមនុស្សចំនួន១១នាក់ផ្សេងទៀតរងរបួសដោយក្នុងនោះមានជនស៊ីវិលចំនួន១០នាក់នៅខេត្ត Uruzgan និងប៉ូលិសចំនួន២នាក់។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានស្តីបន្ទោសការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធតាលីបង់។យ៉ាងណាមិញ ក្រុមប្រដាប់អាវុធបដិសេធថាពូកគេពុំបានចូលរួមនៅក្នុងការវាយប្រហារដែលបានកំណត់គោលដៅទាំងនោះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១









