កិច្ចចរចា​រវាង​ស៊ី​រី​និង​អ៊ីរ៉ាក់​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម

0

 នៅ​ថ្ងៃ​សៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ នេះ លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់ Othman al-Ghanmiបានធ្វើការ​ពិភាក្សា​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​ស៊ី​រី​ប្រចាំ​នៅ​ទីក្រុង​បា​កដាដ(Baghdad) Sattam Jada’an al-Dandah ស្តីពី​មធ្យោបាយ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាពិសេស​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម។

ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​អ្នកយកព័ត៌មាន ថា​ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី​មធ្យោបាយ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​និង​ពី​វិស័យ​ទ្វេភាគី​ទាក់ទង​នឹង​ផ្នែក​សន្តិសុខ និង​ការផ្លាស់ប្តូរ​ព័ត៌មាន​និង​បទពិសោធន៍។

លើសពីនេះ លោក​ឯកអគ្គរដ្ឋទូត al-Dandah បាន​កោតសរសើរ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន​ដែល​ទទួលបាន​ពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក។

លោក​ឯកអគ្គរដ្ឋទូត​បន្ថែមថា ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​អំពី​វិធី​ពង្រឹង​វិធានការ​សន្តិសុខ​និង​ការពង្រឹង​ព្រំដែន​រួមគ្នា​បន្ថែម​លើ​ការសម្របសម្រួល​នីតិវិធី​ស្នាក់នៅ​សម្រាប់​ពលរដ្ឋ​ស៊ី​រី​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។ លោក​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​រវាង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ នឹង​នាំទៅរក​លទ្ធផល​សម្រេច​ក្នុងការ​លុបបំបាត់​អំពើ​ភេរវកម្ម​ចុងក្រោយ​នៅក្នុង​ប្រទេស​ជា​បងប្អូន​ទាំងពីរ។

ជា​ចុងក្រោយ លោក​ឯកអគ្គរដ្ឋទូត al-Dandah អះអាងថា កិច្ចសហប្រតិបត្តិការ​នេះ​ទទួលបាន​លទ្ធផល​ជាក់ស្តែង​ក្នុងការ​កម្ចាត់​អង្គភាព​ភេរ​វករ ដែល​បាន​រីក​រាល​ដុះដាល​នៅក្នុង​ប្រទេស​ទាំងពីរ និង​ដោះស្រាយ​នូវ​បញ្ហាផ្សេងៗដូចជា ឃាតកម្ម ការផ្លាស់​ទីលំនៅ និង​ការ​លួច​ប្លន់​ជាដើម៕

ប្រែ​សម្រួល​៖Pouk Leakhena

ប្រភពព័ត៌មាន sana ចុះផ្សាយ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here