មេបញ្ជាការ​តា​លី​បង់​លោក Hafaz Mohammadi ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ក្នុង​ប្រតិបត្តិការ​វាយឆ្មក់​របស់​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន

0

កងកម្លាំង​ការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ថា កម្លាំង​សន្តិសុខ​ការពារជាតិ​ធ្វើ​ប្រតិបត្តិការ​វាយឆ្មក់​នៅ​ថ្ងៃ​សៅរ៍ ទី៣០ ខែមករា ក្នុង​ខេត្ត Herat សម្លាប់​សមាជិក​សកម្ម​ប្រយុទ្ធ​តា​លី​បង់​ចំនួន៥នាក់។សមាជិក​សកម្មប្រយុទ្ធ​ទាំងនោះ​សុទ្ធតែជា​អ្នក​ដែល​ទទួលបាន​ការដោះលែង​ពី​ពន្ធនាគារ​នៅ​ឆ្នាំមុន។

នៅ​យប់​ថ្ងៃ​សៅរ៍ សមាជិក​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​ព្យាយាម​វាយប្រហារ​លើ​ប៉ុស្តិ៍​ឆែកឆេរ​នៅ​ស្រុក Zawul និង​ស្រុក Shindand ក្នុង​ខេត្ត Herat ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​មាន​សេចក្តី​ថា កម្លាំង​សន្តិសុខ​ធ្វើ​ប្រតិបត្តិការ​វាយឆ្មក់ និង​សម្លាប់​សមាជិក​សកម្មប្រយុទ្ធ​ចំនួន ៥នាក់ ហើយ​ថែមទាំង​បាន​បំផ្លាញ​រថយន្ត​បំផ្ទុះ​គ្រាប់បែក​របស់​ពួកគេ​ផងដែរ។ កងកម្លាំង​ការពារជាតិ និង​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន (ANDSF) អះអាងថា ប្រតិបត្តិការ​វាយឆ្មក់​របស់​កម្លាំង​សន្តិសុខ​ធ្វើឡើង​ក្រោម​គោលបំណង​ដើម្បី​ការពារជាតិ។ ប្រភព​បន្ថែមថា មេបញ្ជាការ​តា​លី​បង់​លោក Hafaz Mohammadi ស្ថិតនៅ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ។

គួរ​រំលឹក​ផងដែរ​ថា នៅ​ឆ្នាំមុន​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ដោះលែង​សមាជិក​សកម្មប្រយុទ្ធ​តា​លី​បង់​ចំនួន​ច្រើនជាង ៦២០០នាក់ ដើម្បី​ជួយ​សម្រួល​ដល់​ការចរចា​សន្តិភាព និង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​សង្គ្រាម​ដែល​អូសបន្លាយ​នៅក្នុង​ប្រទេស។

យ៉ាងណាមិញ ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ពុំបាន​ធ្វើការ​ឆ្លើយតប​ទៅនឹង​របាយការណ៍​នេះ​ទេ​រហូតមក​ដល់ពេលនេះ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន​xinhuanet ចុះផ្សាយ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here