នៅថ្ងៃអាទិត្យកន្លងទៅនេះមានហេតុការណ៍ផ្ទុះដ៏កក្រើកមួយកើតឡើងនៅ សណ្ឋាគារដ៏ពេញនិយមមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវអាកាសយានដ្ឋាននៅក្នុងទីក្រុង Mogadishu ដែលជាផ្លូវមួយដ៏សំខាន់។ ប៉ូលិសនិយាយថា អាចមានមនុស្សស្លាប់ និងរបួសនៅក្នុងហេតុការណ៍នេះ។
ប៉ូលិសនៅក្បែរកន្លែងកើតហេតុនិយាយថា ជនសង្ស័យជាយុទ្ធជន al-Shabab បានបំពានលើរនាំងសណ្ឋាគារ Afrik និងវាយលុកចូលទៅខាងក្នុងរបស់អាគារដែលបង្កឱ្យមានការបាញ់កាំភ្លើងយ៉ាងខ្លាំង។
មន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា ៖ “កម្លាំងរបស់យើងបានបាញ់តបតជាមួយអ្នកវាយប្រហារ ហើយយើងបានព្យាយាមបង្ក្រាបពួកគេ” សាក្សីផ្សេងទៀត ក៏បានអះអាងថា លឺសំឡេងផ្ទុះនៅសណ្ឋាគារ Afrik។
សាក្សីទាំងនោះនិយាយថា ហេតុការណ៍ផ្ទុះកើតឡើងនៅរយៈពេលប៉ុន្មាននាទីមុនម៉ោង ៥ល្ងាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងអាជីវកម្មនៅជុំវិញផ្លូវហាយវេនិងផ្សែងខ្មៅដែលអាចមើលឃើញពីចម្ងាយបានហ៊ុមព័ទ្ធតំបន់នោះ។ សាក្សីម្នាក់ប្រាប់ភ្នាក់ងារព័ត៌មានថា៖“ខ្ញុំបានលឺសំឡេងផ្ទុះយ៉ាងខ្លាំងនៅសណ្ឋាគារ ហើយក្រោយមកមានអគ្គិភ័យដ៏ធំកើតឡើង” ។
គឺជាសណ្ឋាគារដ៏ពេញនិយមមួយដែលមានមន្ត្រីរដ្ឋាភិបាលនិងមានទីតាំងនៅជិតអាកាសយានដ្ឋានម៉ូហ្គាឌីស្យូ។ពុំទាន់មានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារចុងក្រោយនេះទេ ប៉ុន្តែសមាជិកក្រុមភេរវករសម្ព័ន្ធមិត្តអាល់កៃដា al-Shabab តែងតែធ្វើការវាយប្រហារបែបនេះនៅក្នុងរដ្ឋធានី និងនៅទូទាំងប្រទេស៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១









