ក្រុមអាជ្ញាធរបញ្ជាក់នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ថា មានហេតុការណ៍ប៉ះទង្គិចប្រដាប់អាវុធមួយកើតឡើងនៅក្នុងទីក្រុង Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យទាហានចំនួន៤នាក់ និងសមាជិកសកម្មប្រយុទ្ធចំនួន៣នាក់ស្លាប់។
លោកស្រី Fawzia Jawad Yaftali មកពីតំបន់ Kunduz មានប្រសាសន៍ថា៖ “សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់បានព្យាយាមវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យការពារជាតិ និងលើកងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាននៅក្នុងស្រុក Zakhil Khamdan ។ សមាជិកសន្តិសុខដែលឈរជើងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យបានបាញ់តបទៅក្រុមអ្នកវាយប្រហារ”
ហេតុការណ៍ប៉ះទង្គិចគ្នានោះបណ្តាលឲ្យទាហានចំនួន ២នាក់ និងសមាជិកសកម្មប្រយុទ្ធចំនួន៣នាក់រងរបួស។អ្នកវាយប្រហារដែលនៅសេសសល់បានជិះម៉ូតូគេចចេញពីវាលខ្សាច់ក្បែរនោះ។
លោក Enhamuddin Rahmani អ្នកនាំពាក្យប៉ូលិសខេត្តប្រាប់ភ្នាក់ងារសារព័ត៌មានថា លោកនឹងចែកចាយព័ត៌មានលម្អិតទាក់ទងទៅនឹងការប្រយុទ្ធនៅពេលក្រោយ។
គួររំលឹកផងដែរថា សមាជិកសកម្មប្រយុទ្ធតាលីបង់ព្យាយាមទន្ទ្រានកាន់កាប់ទីប្រជុំជនតូចៗឬស្រុកនានានៅទូទាំងប្រទេសអាហ្វហ្គានីស្ថានហើយថែមទាំងពង្រឹងទីតាំងរបស់ពួកគេក្នុងរដូវរងារដោយបន្តធ្វើការវាយប្រហារឆ្មក់និងវាយប្រហារប្រឆាំងកម្លាំងសន្តិសុខ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព xinhuanet ចុះផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១









