សមាជិករដ្ឋអ៊ីស្លាម IS ធ្វើការវាយប្រហារមួយនៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ក្នុងខេត្ត Diyala នៅភាគខាងកើត ប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនោះសម្លាប់សមាជិកទាហានប៉ារ៉ា Hashd Shaabi ចំនួន៥នាក់។
ទាហានប៉ារ៉ា Hashd Shaabi រងការប៉ះទង្គិចគ្នានៅកណ្តាលអធ្រាត្រក្នុងប្រតិបត្តិការ ដើម្បីប្រឆាំងជាមួយនឹងសមាជិកសកម្មប្រយុទ្ធ IS ក្នុងតំបន់ Naft Khana ដែលស្ថិតនៅចម្ងាយ ១៧៥ គីឡូម៉ែត្រពីភាគឥសាននៃទីក្រុងបាកដាដក្នុងប្រទេសអ៊ីរ៉ាក់។ លោក al-Husseini ប្រាប់ឲ្យដឹងថា ក្រោយពីការប៉ះទង្គិចកើតឡើងកងកម្លាំងទាហាន Hashd Shaabi បានធ្វើប្រតិបត្តិការស្រាវជ្រាវដើម្បីតាមស្វែងរកអ្នកវាយប្រហារនៅក្នុងតំបន់នោះ។
បើទោះបីជាមានប្រតិបត្តិការយោធាម្តងហើយម្តងទៀតនៅក្នុងខេត្ត Diyala ក៏ដោយក៏សមាជិកក្រុមសកម្មប្រយុទ្ធ IS នៅតែបន្តលាក់ខ្លួននៅក្នុងតំបន់រឹងមាំមួយចំនួននៅជិតព្រំដែនប្រទេសអ៊ីរ៉ង់ និងនៅតាមតំបន់ធំៗ ដែលលាតសន្ធឹងពីភាគខាងលិចខេត្តរហូតដល់ជួរ Hamreen នៅភាគខាងជើងរាជធានី Baquba ដែលមានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រពីភាគឥសានក្រុងបាកដាដ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ក្រោយពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់សមាជិកសកម្មប្រយុទ្ធ IS ជ្រុលនិយមនៅឆ្នាំ២០១៧ ។ទោះជាយ៉ាងណាក៏ដោយ សមាជិកឧទ្ទាម IS ដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីប្រជុំជន ឬវាលខ្សាច់ និងតំបន់រឹងមាំផ្សេងទៀតដោយធ្វើការវាយប្រហារឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១









