កម្លាំងយោធានិយាយនៅថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ថា យោធាប៉ាគីស្ថានធ្វើប្រតិបត្តិការប្រឆាំងនឹងភេរវករក្នុងស្រុកមួយនៅភាគខាងជើងខេត្ត Waziristan ដោយសម្លាប់សមាជិកភេរវករចំនួន៤នាក់ និងបណ្តាលឲ្យទាហានចំនួន២នាក់ស្លាប់។
សេចក្តីថ្លែងការណ៍របស់កងទ័ពបញ្ជាក់ឲ្យដឹងថា ទាហានចំនួន៤នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងពេលបាញ់តបតគ្នាជាមួយភេរវករនៅក្នុងទីក្រុង Mir Ali ដែលទីនោះគឺជាទីក្រុងធំមួយនៅភាគខាងជើងខេត្ត Waziristan។
ប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ព Inter-Services Public Relations អះអាងថា កម្លាំងសន្តិសុខសង្កេតឃើញមានវត្តមានរបស់ភេរវករនៅក្នុងតំបន់ Mir Ali ។
ប្រភពបន្ថែមថា៖ “នៅពេលដែលកងកម្លាំងយោធាទ័ពឡោមព័ទ្ធតំបន់នោះភ្លាម សមាជិកភេរវករចាប់ផ្តើមបាញ់ប្រហារ។ នៅក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ភេរវករចំនួន៤នាក់ត្រូវកម្លាំងយោធាបាញ់សម្លាប់” ។
សមាជិកភេរវករដែលស្លាប់ទាំងនោះមានជាប់ពាក់ព័ន្ធនឹងករណីចាប់ពង្រត់ ការជំរិតទារប្រាក់ ការវាយឆ្មក់លើកម្លាំងសន្តិសុខ និងការបំផ្ទុះគ្រឿងផ្ទុះជាដើម។
គួរបញ្ជាក់ផងដែរថា កងកម្លាំងយោធាប៉ាគីស្ថានធ្វើប្រតិបត្តិការជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងសមាជិកភេរវកររួមទាំងប្រឆាំងជាមួយនឹងកម្លាំងសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាននៅភាគខាងជើងខេត្ត Waziristan នៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ បើទោះបីជាតំបន់នោះត្រូវបានបង្ក្រាបឱ្យមានភាពស្ងប់ស្ងាត់ក៏ដោយ ក៏សមាជិករបស់ក្រុមភេរវករនៅតែធ្វើវាយប្រហារទៅលើកម្លាំងសន្តិសុខជាបន្តបន្ទាប់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១









