ទាហាននីហ្សេរីយ៉ាតាមសេចក្តីរាយការណ៍ បានសម្លាប់សកម្មប្រយុទ្ធឥស្លាមបូកូហារ៉ាមរាប់សិបនាក់ នៅក្នុងប្រតិបត្តិការដ៏ធំមួយនៅភាគសាននៃប្រទេសនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា កងទ័ពបានសម្រុកចូលបន្ទាយរបស់ក្រុមជីហាដ នៅ Kidari, Argude, Takwala, Chowalta និង Galdekore។
ទាហាននិយាយថា បានចូលទៅដល់តំបន់ត្រីកោណ Timbuktu ដ៏ល្បីល្បាញ នៅក្នុងព្រៃសំបូរសាដ៏ធំដែលមានទីតាំងស្ថិតនៅរវាងរដ្ឋ Borno និងរដ្ឋ Yobe ។
ប្រភពដែលស្និទ្ធនឹងយោធានីហ្សេរីយ៉ាបាននិយាយថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹងកងទ័ពនីហ្សេរីយ៉ា និងក្រុមការងារចម្រុះអន្តរជាតិ។
មនុស្សមួយចំនួនដែលបានចាប់ជំរិត ដោយក្រុមសកម្មប្រយុទ្ធត្រូវបានជួយសង្គ្រោះ។ ទាហានពីរនាក់ត្រូវបានសម្លាប់ ព្រមទាំង៣នាក់ផ្សេងទៀតរងរបួសធ្ងន់។
ក្រុមបះបោរមិនបានត្រួតត្រាទឹកដីដ៏ធំនៅភាគពាយព្យរបស់ប្រទេសនីហ្សេរីយ៉ានោះទេ ក៏ប៉ុន្តែបន្តធ្វើការវាយប្រហារទាំងគោលដៅយោធា និងស៊ីវិល។
កាលពីសប្តាហ៍មុនប្រធានាធិបតី Muhammadu Buhari បានតែងតាំងមេបញ្ជាការយោធាថ្មី បន្ទាប់ពីមានការអំពាវនាវម្តងហើយម្តងទៀតដោយសារតែភាពអសន្តិសុខ ដែលកំពុងកើនឡើង ដូចជាការបះបោររបស់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម និងការចាប់ជំរិតទៀតផង៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១









