កម្លាំងអង្គភាពប្រឆាំងភេរវកម្មប៉ាគីស្ថានបើកប្រតិបត្តិការវាយឆ្មក់នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភះលើទីតាំងលាក់ខ្លួនរបស់ភេរវករនៅភាគខាងត្បូងទីក្រុង Sindh ដោយសម្លាប់សមាជិកភេរវករចំនួន១នាក់ និងចាប់បានសមាជិកភេរវករចំនួន៥នាក់ផ្សេងទៀត។
លោក Omer Shahid Hamid អគ្គនាយករងនៃអធិការដ្ឋាន CTD ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បុគ្គលិករបស់នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) ក្នុងទីក្រុង Karachi ធ្វើប្រតិបត្តិការវាយឆ្មក់នៅតំបន់ Shah Latif Town ក្រោយពីភេរវករគប់គ្រាប់បែកដៃលើរថយន្តពាសដែករបស់អង្គភាព CTD។ ជាលទ្ធផល ការប្រយុទ្ធឆ្លងឆ្លើយគ្នាផ្ទុះឡើងរវាងក្រុមភេរវករនិងប៉ូលិសដោយសម្លាប់សកម្មប្រយុទ្ធម្នាក់នៅនឹងកន្លែង។ លោកបន្ថែមថា បុគ្គលិករបស់ភ្នាក់ងារអនុវត្តច្បាប់ថែមទាំងបានរកឃើញនូវគ្រឿងផ្ទុះ អាវធ្វើអត្តឃាត និងរទេះផ្ទុកដោយគ្រឿងផ្ទុះរបស់ភេរវករដែលសមត្ថកិច្ចខ្លួន។
កម្លាំងកម្ចាត់គ្រាប់បែកបានប្រញាប់ប្រញាល់ទៅទីតាំងនោះ និងបានរុះរើសម្ភារៈគ្រឿងផ្ទុះដែលបានដំឡើងនៅក្នុងរទេះ។ ក្រុមសកម្មប្រយុទ្ធដែលសមត្ថកិច្ចចាប់ខ្លួនត្រូវបានផ្ទេរទៅទីតាំងដែលមិនស្គាល់សម្រាប់ការស៊ើបអង្កេតបន្ថែម។
អង្គភាព CTD អនុវត្តប្រតិបត្តិការនេះខណៈពេលសន្តិសុខនៅក្នុងទីក្រុង Karachi ប្រឈមនឹងការវាយប្រហារពីភេរវករ ក្រោយពីអាជ្ញាធរប្រឆាំងភេរវកម្មជាតិ (NACTA) ចេញសេចក្តីព្រមានស្តីពីការគំរាមកំហែងភេរវកម្ម។ នៅសប្តាហ៍មុន NACTA បានព្រមានពីសកម្មភាពភេរវកម្មដ៏ធំមួយនៅក្នុងទីក្រុងដោយផ្តល់អនុសាសន៍ឱ្យមានការប្រុងប្រយ័ត្ននិងចាត់វិធានការសន្តិសុខឲ្យបានខ្ពស់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្អៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១









