ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ប៉ា​គី​ស្ថាន​សម្លាប់​ភេរ​វករ ១នាក់ និង​ចាប់ខ្លួន៥នាក់​នៅ​ទីក្រុង Karachi

0

កម្លាំង​អង្គភាព​ប្រឆាំង​ភេរវកម្ម​ប៉ា​គី​ស្ថាន​បើក​ប្រតិបត្តិការ​វាយឆ្មក់​នៅ​ថ្ងៃ​ចន្ទ ទី០៨ ខែ​កុ​ម្ភះ​លើ​ទីតាំង​លាក់ខ្លួន​របស់​ភេរវ​ករ​នៅ​ភាគខាងត្បូង​ទីក្រុង Sindh ដោយ​សម្លាប់​សមាជិក​ភេរវ​ករ​ចំនួន ១នាក់ និង​ចាប់បាន​សមាជិក​ភេរវ​ករ​ចំនួន ៥នាក់​ផ្សេងទៀត។

លោក Omer Shahid Hamid អគ្គនាយករង​នៃ​អធិការដ្ឋាន CTD ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា បុគ្គលិក​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម (CTD) ក្នុង​ទីក្រុង Karachi ធ្វើ​ប្រតិបត្តិការ​វាយឆ្មក់​នៅ​តំបន់ Shah Latif Town ក្រោយពី​ភេរវ​ករ​បាន​គប់​គ្រាប់បែកដៃ​លើ​រថយន្ត​ពាស​ដែក​របស់​អង្គភាព CTD។ ជា​លទ្ធផល ការប្រយុទ្ធ​ឆ្លងឆ្លើយ​គ្នា​ផ្ទុះឡើង​រវាង​ក្រុម​ភេរ​វករ និង​ប៉ូលិស​ដោយហេតុ​ការណ៍​នោះ​សម្លាប់​សមាជិក​សកម្មប្រយុទ្ធ​ចំនួន ១នាក់​នៅនឹងកន្លែង។

លោក​បន្ថែមថា បុគ្គលិក​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​រកឃើញ​នូវ​គ្រឿងផ្ទុះ អាវ​ធ្វើអត្តឃាត និង​រទេះផ្ទុ​កដោយ​គ្រឿងផ្ទុះ​របស់​ភេរវ​ករ​ដែល​សមត្ថកិច្ច​ខ្លួន​បាន​ទាំងនោះ។

កងកម្លាំង​កម្ចាត់​គ្រាប់បែក​បាន​ប្រញាប់ប្រញាល់​ទៅដល់​ទីតាំង​នោះ និង​បាន​រុះរើ​សម្ភារៈ​គ្រឿងផ្ទុះ​ដែល​បាន​ដំឡើង​រួច​នៅក្នុង​រទេះ។ សមាជិក​សកម្មប្រយុទ្ធ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ទាំងនោះ​ត្រូវបាន​ផ្ទេរ​ទៅ​ទីតាំង​ដែល​មិន​ស្គាល់​សម្រាប់​ការស៊ើបអង្កេត​បន្ថែម។

គួរ​បញ្ចាក់​ផងដែរ​ថា អង្គភាព CTD អនុវត្ត​ប្រតិបត្តិការ​នេះ​ខណៈពេល​សន្តិសុខ​នៅក្នុង​ទីក្រុង Karachi ប្រឈម​នឹង​ការវាយប្រហារ​ពី​ភេរ​វករ និង​ក្រោយពី​អាជ្ញាធរ​ប្រឆាំង​ភេរវកម្ម​ជាតិ (NACTA) ចេញ​សេចក្តី​ព្រមាន​ស្តីពី​ការគំរាមកំហែង​ភេរវកម្ម។ នៅ​សប្តាហ៍​មុន អាជ្ញាធរ​របស់​អង្គភាព NACTA បាន​ព្រមាន​ពី​សកម្មភាព​ភេរវកម្ម​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង ដោយ​ផ្តល់​អនុសាសន៍​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ចាត់វិធានការ​ការពារ​សន្តិសុខ​ឲ្យ​បាន​ខ្ពស់៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្អៃ​ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here