រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានពង្រាយកងទ័ពបន្ថែមនៅទូទាំងប្រទេស និងកាត់ផ្តាច់អ៊ីនធឺណិតនៅយប់ទី ២ នេះខណៈដែលខ្លួនបានបង្កើនការបង្ក្រាបលើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារនេះ ប៉ុន្តែក្រុមបាតុករជាច្រើនក៏បន្តធ្វើដំណើរតាមផ្លូវនៅថ្ងៃច័ន្ទទី ១៥ ខែកុម្ភៈនេះផងដែរ។
យោធាបានបង្កើនកិច្ចប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលុបបំបាត់ការបះបោរប្រឆាំងនឹងការដណ្តើមអំណាចរបស់ពួកគេកាលពីពីរសប្តាហ៍មុនដែលបានឃើញមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីត្រូវបានឃុំខ្លួនរួមជាមួយមនុស្សរាប់រយនាក់ផ្សេងទៀតដែលក្នុងនោះរួមមានទាំងសមាជិកនៃរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យផងដែរ។
មេធាវី Khin Maung Zaw និយាយថាលោកស្រីអ៊ុងសានស៊ូជី និងប្រធានាធិបតី Win Myint ត្រូវបានតុលាការសាកសួរតាមរយៈ“ ការធ្វើសន្និសិទវីដេអូ” នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះនាសប្តាហ៍នេះ។ អ្នកទាំងពីរមិនត្រូវបានគេឃើញជាសាធារណៈទេ ចាប់តាំងពីពួកគេត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់នៅព្រឹកព្រលឹមថ្ងៃទី ១ ខែកុម្ភៈដែលជាថ្ងៃធ្វើរដ្ឋប្រហារ។ ពួកឧត្តមសេនីយ៍បានធ្វើការបិទអ៊ីនធឺរណិតរយៈពេលជាច្រើនម៉ោងនៅព្រឹកថ្ងៃច័ន្ទ និងបានភ្ជាប់វត្តមានរបស់យោធានៅទូទាំងប្រទេសពេញមួយយប់រួមមានយានយន្តពាសដែកនៅទីក្រុងយ៉ាំងហ្គោន (Yangon) ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាទីក្រុងធំបំផុតរបស់ប្រទេសនេះផងដែរ៕
សម្រួល៖ សុផា