ទាហាន ១នាក់​ស្លាប់ និង២នាក់​រងរបួស​ក្នុង​ការផ្ទុះ​គ្រាប់បែក​នៅ​ប្រទេសប៉ា​គី​ស្ថាន

0

មន្ត្រី​និយាយថា មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​មួយ​កើតឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ខែកុម្ភៈ ក្នុង​ទីក្រុង Quetta ភាគ​និរតី​នៃ​ខេត្ត Balochistan ប្រទេស​ប៉ា​គី​ស្ថាន។

ប្រភពព័ត៌មាន​ពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​មួយ​ក្នុង​ទីក្រុង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា ក្រុម​សកម្មប្រយុទ្ធ​មិន​ស្គាល់មុខ​ចត​ម៉ូតូ​ដឹកទំនិញ​ដែលមាន​ផ្ទុក​គ្រឿងផ្ទុះ​នៅតាម​ដងផ្លូវ និង​បំផ្ទុះ​វា​នៅពេលដែល​រថយន្ត​រប​ស់​កងកម្លាំង​ម៉ា​រី​ន​ជួរមុខ​ធ្វើដំណើរ​ឆ្លងកាត់។

ហេតុការណ៍​ផ្ទុះ​សម្លាប់​ទាហាន​ចំនួន១នាក់ និង​បណ្តាល​ឲ្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ចំនួន២នាក់​រងរបួស ហើយ​ក្រោយមក​អ្នករងរបួស​ត្រូវគេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដែលមាន​ទីតាំង​ក្បែរ​នោះ។ កម្លាំង​សន្តិសុខ​បាន​ឡោមព័ទ្ធ​នៅ​ជុំវិញ និង​អំពាវនាវ​ឲ្យ​ភ្នាក់ងារ​កម្ចាត់​គ្រាប់បែក​ប្រមូល​ព័ត៌មាន​លម្អិត​អំពី​ការផ្ទុះ​ចេញពី​ទីតាំង​កើតហេតុ។

ពុំទាន់​មាន​ក្រុម​ណាមួយ​អះអាង​ពី​ការវាយប្រហារ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​គេ​សន្មត​ថា​ការផ្ទុះ​ភាគច្រើន​ធ្វើឡើង​ដោយ​អង្គភាព​ប្រឆាំងនឹង​រដ្ឋាភិបាល។ ថ្មីៗនេះ កំណើន​នៃ​អំពើ​ភេរវកម្ម​កើត​ឡើងលើ​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល​នៅក្នុង​ខេត្ត Balochistan។

គួរ​រំលឹក​ផងដែរ​ថា នៅ​ដើមខែ​នេះ​មនុស្ស​ចំនួន២នាក់​ស្លាប់ និង​ចំនួន១៩នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ការវាយប្រហារ​ចំនួន​ពីរ​ដាច់ដោយឡែក​ពីគ្នា​លើ​ការប្រមូលផ្តុំ​សាធារណៈ​នៅក្នុង​ខេត្ត Balochistan៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here