ឧទ្ទាម IS ចំនួន ៧នាក់ ស្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​របស់​កម្លាំងចម្រុះ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់

0

នៅ​ថ្ងៃ​ចន្ទ ទី២២ ខែកុម្ភៈ ម្សិលមិញ​នេះ​កម្លាំង​សហរដ្ឋអាមេរិក​ធ្វើការ​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​លាក់ខ្លួន​របស់​ឧទ្ទាម IS នៅក្នុង​ខេត្ត Kirkuk នៅ​ភាគ​ខាងជើង​ប្រទេសអ៊ីរ៉ាក់ ដោយបាន​សម្លាប់​សមាជិក​ឧទ្ទាម​ចំនួន៧នាក់។

ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បញ្ជាការ​ប្រតិបត្តិការ​ចម្រុះ (JOC) លើកឡើង​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​ថា ផ្អែក​តាម​របាយការណ៍​ស៊ើបការណ៍​បាន​ឲ្យ​ដឹងថា យន្តហោះ​របស់​កម្លាំងចម្រុះ​វាយប្រហារ​តាម​អាកាស​ចំនួន៨លើក​ទៅលើ​ទីតាំង​របស់​ឧទ្ទាម​ISនៅក្នុង​តំបន់​រឹងមាំ​មួយ​ឈ្មោះថា Wadi al-Shay។ សេចក្តីថ្លែងការណ៍ JOC បន្ថែមថា កម្លាំង​កងទ័ព​អ៊ីរ៉ាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីតាំង​កើតហេតុ និង​រកឃើញ​សាកសព​របស់​សមាជិក​ឧទ្ទាម​ចំនួន៧នាក់​រួមទាំង​ខ្សែក្រវ៉ាត់​បំផ្ទុះ​គ្រាប់ និង​ឃ្លាំង​អាវុធ​ចំនួន​ពីរ​កន្លែង។

តំបន់ភ្នំ និង​តំបន់​រឹងមាំ​នៅ​ភាគ​ខាងជើង​រដ្ឋធានី Baghdad នៃ​ប្រទេស​អ៊ីរ៉ាក់ មាន​សកម្មភាព​របស់​សមាជិក​ឧទ្ទាម IS យ៉ាងខ្លាំង​ក្លា​នៅ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​បើទោះបី​ជាមាន​ប្រតិបត្តិការ​យោធា​ម្តង​ហើយ​ម្តងទៀត​ដើម្បី​តាម​ប្រមាញ់​ពួកគេ​ក៏ដោយ។

គួ​រំលឹក​ផងដែរ​ថា ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មាន​ភាពប្រសើរឡើង​ចាប់តាំងពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ចាប់ផ្តើម​កម្ចាត់​សមាជិក​ឧទ្ទាម IS នៅ​ទូទាំងប្រទេស​នៅ​ចុងឆ្នាំ២០១។ យ៉ាងណាមិញ សមាជិក​ឧទ្ទាម IS ដែល​នៅ​សេសសល់​បាន​លាក់ខ្លួន​តាម​នៅ​តំបន់​ទីប្រជុំជន ឬ​វាល​ខ្សាច់ និង​តំបន់​រឹងមាំ​ផ្សេងទៀត​ដោយ​ធ្វើការ​វាយឆ្មក់​ជា​ញឹកញាប់​ប្រឆាំងនឹង​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here