ប៉ូលិសអាហ្វ្រិកខាងត្បូងនិយាយថា បុរសចំនួន០៤នាក់ដែលមានអាយុចន្លោះពី៣០ទៅ៦៤ឆ្នាំរងការបាញ់សម្លាប់រហូតដល់ស្លាប់ និងចំនួន១នាក់ផ្សេងទៀតរងរបួសនៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ នៅតំបន់ Mitchells Plain ក្បែរទីក្រុង Cape Town។
លោក Andre Traut អ្នកនាំពាក្យប៉ូលិសនៅភាគខាងលិចនិយាយថា ជនរងគ្រោះរងការបាញ់សម្លាប់នៅក្បែរគ្នាខណៈដែលបុរសរងគ្រោះអាយុ៣៧ឆ្នាំម្នាក់បានរត់គេចផុតពីការវាយប្រហារដោយគ្រាប់កាំភ្លើងនោះ។
លោកបន្ថែមថា “មានប្រកាសចោទប្រកាន់ថា ជនមិនស្គាល់មុខបើកការបាញ់ប្រហារទៅលើមនុស្សមួយក្រុមមានចំនួន៥នាក់ រួចហើយក៏បានភៀសខ្លួនចេញពីកន្លែងកើតហេតុដោយថ្មើរជើង។ នៅក្នុងដំណាក់កាលនេះ គេពុំទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនោះនៅឡើយទេ”
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១