ទូរទស្សន៍ Al Arabiya TV រាយការណ៍ថា កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសយេម៉ែននិយាយនៅថ្ងៃសៅរ៍ ទី២៧ ថា ពួកគេបានស្ទាក់ការវាយប្រហារមីស៊ីលផ្លោងរបស់កងជីវពល Houthi ដែលបាញ់ឆ្ពោះទៅរដ្ឋធានីរីយ៉ាដនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។
សូមបញ្ចាក់ផងដែរថា ការវាយប្រហារនោះពុំមែនជាការវាយប្រហារលើកទី១នោះទេ ប៉ុន្តែវាជាការប៉ុនប៉ងវាយប្រហារលើកទីពីរនៅថ្ងៃសៅរ៍ ទី២៧នោះ។ កម្លាំងចម្រុះក៏បានបំផ្លាញយន្តហោះដ្រូនមានផ្ទុកគ្រាប់បែកចំនួនមួយគ្រាប់ ដែលបាញ់ឆ្ពោះទៅកាន់ទីក្រុងព្រំដែន Khamis Mushait ក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត។
គួររំលឹកផងដែរថា នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ កម្លាំងចម្រុះក៏បានបំផ្លាញមីស៊ីលមួយគ្រាប់ ដែលបាញ់ចេញពីក្រុង Sa’dah ក្នុងប្រទេសយេម៉ែនឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសអារ៉ាប៊ីសាអូឌីត។ នៅថ្ងៃសុក្រដដែលនោះប្រទេសអារ៉ាប៊ីសាអូឌីតក៏រងការវាយប្រហារពីយន្តហោះគ្មានមនុស្សបើករបស់កងជីវពល Houthi ចំនួនពីរគ្រឿងផងដែរ ប៉ុន្តែមានការទប់ស្កាត់ទាន់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១









