ប៉ូលិសមីយ៉ាន់ម៉ាបានបំបែកការធ្វើបាតុកម្មនៅតាមកន្លែងជាច្រើនដោយមានឧស្ម័នបង្ហូរទឹកភ្នែក និងការបាញ់កាំភ្លើងកាលពីថ្ងៃព្រហស្បតិ៍ (៤ មីនា) ប៉ុន្តែមិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយស្តីពីការស្លាប់ និងរបួសទេ បន្ទាប់ពីអង្គការសហប្រជាជាតិបាននិយាយថាមនុស្ស ៣៨ នាក់ត្រូវបានសម្លាប់នៅក្នុងថ្ងៃបង្ហូរឈាមដ៏សាហាវបំផុតចាប់តាំងពីរដ្ឋប្រហារកាលពីខែមុននេះ។
ដោយមិនចុះចាញ់នឹងការបង្ក្រាបនេះ ក្រុមសកម្មជនបាននិយាយថាពួកគេបានបដិសេធមិនទទួលយករដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈនិងបានប្តេជ្ញាជំរុញឱ្យមានការដោះលែងមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតលោកស្រីអ៊ុងសានស៊ូជីនិងការទទួលស្គាល់ការទទួលជ័យជម្នះរបស់លោកស្រីនៅក្នុងការបោះឆ្នោតខែវិច្ឆិកា។
សកម្មជន Maung Saungkhaបានប្រាប់រ៉យទ័រថា “យើងដឹងថាយើងអាចត្រូវគេបាញ់ និងសម្លាប់ដោយគ្រាប់កាំភ្លើងពិត ប៉ុន្តែវាគ្មានន័យអ្វីដើម្បីរស់នៅក្រោមរបបយោធាទេ” ។ សាក្សីបាននិយាយថា ក្រោយមកប៉ូលិសបានបើកការបាញ់ប្រហារ និងប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកការតវ៉ានៅក្នុងទីក្រុងយ៉ាំងហ្គោន (Yangon) និងទីប្រជុំជនកណ្តាលទីក្រុងមុន្នីវ៉ា (Monywa)។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាប៉ូលិសក៏បានបាញ់ក្រុមអ្នកតវ៉ានៅទីក្រុង Pathein ផងដែរ។
សាក្សីម្នាក់បាននិយាយថា ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅកន្លែងផ្សេងទៀតរាប់បញ្ចូលទាំងទីប្រជុំជននៅប្រាសាទ Bagan ដែលមានមនុស្សរាប់រយនាក់បានដើរក្បួនកាន់រូបរបស់លោកស្រីស៊ូជី និងបដាដែលសរសេរថា“ សូមដោះលែងមេដឹកនាំយើង” ៕
សម្រួល៖ សុផា