គណៈកម្មាធិការសម្របសម្រួលស៊ីរី និងរុស្ស៊ីស្តីពីការវិលត្រឡប់ជនភៀសខ្លួនស៊ីរីបញ្ជាក់ ថា កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបន្តផ្តល់ជំនួយជាប្រាក់ និងអាវុធដល់ក្រុមភេរវករ ហើយព្យាយាមដាក់សម្ពាធទៅលើប្រជាជនស៊ីរីដោយពួកគេបន្តរឹបអូសយកធនធានជាតិរបស់ប្រទេសនេះជំនួសឱ្យការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
គណៈកម្មាធិការទាំងពីរនិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថា “ក្រោយពីមានការសម្របសម្រួលពីកម្លាំងចម្រុះលោកខាងលិចនៅលើទឹកដីប្រទេសស៊ីរីក្រោមលេសនៃការកម្ចាត់អំពើភេរវកម្មនោះ សកម្មភាពប្រែមកជាជម្រុញដល់សកម្មភាពប្រយុទ្ធដោយផ្តល់ឱ្យពួកគេនូវជំនួយអាវុធគ្រាប់រំសេវ និងប្រាក់ ហើយថែមទាំងធ្វើការបណ្តុះបណ្តាលសមាជិកភេរវករថែមទៀត។
ពួកគេបន្ថែមទៀតថា សហរដ្ឋអាមេរិកបំពានលើច្បាប់អន្ដរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិដោយបានបើកការវាយប្រហារតាមអាកាសលើទឹកដីនៃប្រទេសស៊ីរី និងធ្វើការកាន់កាប់នៅតាមតំបន់ធំៗ ហើយថែមទាំងផ្តល់ការគាំទ្រដល់ក្រុមប្រដាប់អាវុធខុសច្បាប់ដែលនឹងបង្កសកម្មភាពភេរវកម្មនៅក្នុងតំបន់នោះ។
គណៈកម្មាធិការទាំងពីរបញ្ចប់ការថ្លែងបញ្ជាក់ថា ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំស៊ីរីដើម្បីស្តារជីវិតរស់នៅដោយសន្តិភាពដល់ប្រទេសក៏ដោយក៏សហរដ្ឋអាមេ រិកនិងសម្ព័ន្ធមិត្តរបស់ពួកគេនៅតែបន្តបំពេញកាតព្វកិច្ចអនុវត្តតាមគោលនយោបាយនៃការដាក់ទណ្ឌកម្មលើប្រជាជនស៊ីដូចតាមសេចក្តីណែនាំរបស់ប្រទេសលោកខាងលិច៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១