យ៉ាងហោចណាស់មានមនុស្ស ២០នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅទីក្រុង Mogadishu។ ឧប្បត្តិហេតុនេះកើតឡើងនៅថ្ងៃតែមួយដែលសមាជិកសកម្មប្រយុទ្ធអ៊ីស្លាមសូម៉ាលីបានសម្រុកចូលពន្ធនាគារនៅរដ្ឋ Puntland។
ការផ្ទុះនេះវាយប្រហារនៅខាងក្រៅភោជនីយដ្ឋាន Luul Yemeni នៅល្ងាចថ្ងៃសុក្រ ទី០៥ ខែមីនា ដោយមានភស្ដុតាងនៅទីតាំងកើតហេតុបង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញជាច្រើនខណៈដែលអ្នកស្រុក និងអ្នកឆ្លើយតបដំបូងធ្វើការឆែកឆេរតាមគំនរបាក់បែកដើម្បីស្វែងរកជនរងគ្រោះផ្សេងទៀត។
ពុំទាន់មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ហើយពេទ្យតាមមូលដ្ឋានបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង។ របាយការណ៍ក្នុងស្រុកនិយាយថាហេតុការណ៍ផ្ទុះនោះធ្វើឱ្យអគារមួយរលំ។ លោកវេជ្ជបណ្ឌិត Abdulkadir Aden ជាស្ថាបនិកនៃសេវាកម្មរថយន្តសង្គ្រោះបន្ទាន់ AAMIN ប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រថា៖
“ រហូតមកដល់ពេលនេះយើងបានដឹកមនុស្សស្លាប់ចំនួន ២០នាក់ និង៣០នាក់ទៀតរងនៅទីតាំងផ្ទុះ”
ការបំផ្ទុះគ្រាប់បែកនៅទីក្រុង Mogadishu កើតឡើងនៅថ្ងៃតែមួយដែលសមាជិកសកម្មប្រយុទ្ធអ៊ីស្លាមសូម៉ាលីបានសម្រុកចូលពន្ធនាគារនៅរដ្ឋ Puntland។ ហេតុការណ៍នោះសម្លាប់ទាហានយ៉ាងហោចណាស់ចំនួន០៧នាក់នៅពេលដែលសមាជិកក្រុមភេរ al-Shabaab កំណត់គោលដៅទៅទីតាំងដែលឆ្មាំពន្ធនាគារម្នាក់អះអាងថាជា“សមរភូមិដ៏អាក្រក់មួយ” ។ ក្រុមសកម្មប្រយុទ្ធអះអាងថា ពួកគេបានដោះលែងអ្នកទោសប្រមាណជា៤០០នាក់ដោយក្នុងនោះមានទាំងសមាជិករបស់ពួកគេផងដែរ បើទោះបីជាតួលេខនោះពុំទាន់មានការបញ្ជាក់ពីអាជ្ញាធរក៏ដោយ។
ក្រុមសកម្មប្រយុទ្ធ Al-Shabaab ធ្វើការវាយប្រហារម្តងហើយម្តងទៀតនៅក្នុងប្រទេសសូម៉ាលីនៅក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីផ្តួលរំលំរដ្ឋាភិបាល និងបង្កើតអភិបាលកិច្ចដែលមានមូលដ្ឋានលើច្បាប់របស់ពួកគេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានrt ចុះផ្សាយថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១