ឥស្សរជន ៣ រូបដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ថៃត្រូវបានបដិសេធនៅក្រៅឃុំក្នុងតុលាការក្រុងបាងកកកាលពីថ្ងៃច័ន្ទ (៨ មីនា) បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទប្រមាថរបបរាជានិយម។ អ្នកនាំពាក្យរបស់អគ្គមេធាវីបាននិយាយថាសកម្មជនទាំងបីនាក់គឺ Panusaya “Rung” Sithijirawattanakul, Panupong “Mike” Jadnok និង Jatupat “Pai” Boonpattararaksa ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់បរិហារកេរ្តិ៍របស់ព្រះរាជាជុំវិញការប្រមូលផ្តុំនៅកណ្តាលទីក្រុងបាងកកកាលពីខែកញ្ញា។
អ្នកនាំពាក្យរូបនេះបានបន្ថែមថាពួកគេក៏ត្រូវបានចោទប្រកាន់ពីបទបះបោររួមជាមួយបាតុករគាំទ្រប្រជាធិបតេយ្យ ១៥ នាក់ផ្សេងទៀត។ អ្នកទាំងបីកំពុងប្រឈមនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ទៅលើព្រះមហាក្សត្រថែមទៀត។ នៅពេលមានការតវ៉ាខ្លាំងបំផុតមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានាក្នុងទីក្រុងបាងកកដើម្បីទាមទារឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Prayut Chan-O-Cha លាលែងពីតំណែងផងដែរ។
គួរបញ្ជាក់ផងដែរថា របបរាជានិយមត្រូវបានការពារដោយច្បាប់ប្រមាថព្រះមហាក្សត្រដែលគេហៅថា “១១២” ដោយមាត្រាក្រមព្រហ្មទណ្ឌ ហើយជននោះនឹងមានទោសរហូតដល់ ១៥ ឆ្នាំក្នុងមួយបទប្រសិនបើរកឃើញថាមានពិរុទ្ធពីបទប្រមាថសមាជិកគ្រួសាររាជវង្សថែមទៀត៕
សម្រួល៖ សុផា