ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា មនុស្ស ២នាក់ត្រូវបានសម្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស នៅពេលដែលគ្រាប់បែកបានផ្ទុះឡើងនៅខេត្ត ខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ។
នាយកដ្ឋានប្រឆាំងភេរវកម្មបានប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍នោះបានកើតឡើងនៅស្រុក បានូ នៅពេលដែលគ្រឿងផ្ទុះកែច្នៃដែលបានបង្កប់នៅលើកង់បានផ្ទុះឡើង ខណៈដែលរថយន្តរបស់សមាជិកនៃកងជីវពលសន្តិភាពគាំទ្ររដ្ឋាភិបាលបានឆ្លងកាត់តំបន់នោះ។
ប្រភពបានបន្ថែមថា គ្រាប់បែកត្រូវបានបំផ្ទុះដោយឧបករណ៍បញ្ជាពីចម្ងាយដោយក្រុមភេរវករមិនស្គាល់អត្តសញ្ញាណដែលត្រូវបានគេតាមប្រមាញ់នៅក្នុងតំបន់។ អ្នករងរបួសទាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរទីតាំងកើតហេតុ ដោយអ្នករងរបួស ២នាក់ក្នុងចំណោមពួកគេស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។
ពុំទាន់មានបុគ្គល ឬក្រុមណាមួយ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣