រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលសច្ចាថានឹងសងសឹកចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកតាមដងផ្លូវ

0

ប្រទេសអ៊ីស្រាអែល៖ លោក យ៉ូវ ហ្កាលិន រដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹងសងសឹកអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកតាមដងផ្លូវ ដែលបណ្តាលឱ្យពលរដ្ឋអ៊ីស្រាអែលម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរកាលពីដើមសប្តាហ៍នេះ។

លោក ហ្កាលិន បានថ្លែង​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ត្រួតពិនិត្យ​នៅ​តាម​បណ្តោយ​ព្រំដែនប្រទេស​អ៊ីស្រាអែល និងប្រទេសលីបង់ បន្ទាប់ពីយោធាអ៊ីស្រាអែលចេញសេចក្តីថ្លែងការណ៍អះអាង​ថា ​ជនសង្ស័យ​ម្នាក់​ក្នុង​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​បាន​រត់គេចខ្លួនចេញពីប្រទេសលីបង់​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​តាម​ព្រំដែន។

បន្ទាប់​ពី​បាន​ជួប​មន្ត្រី​កងពល​ដែល​ឈរ​ជើង​តាម​ព្រំដែន លោក ហ្កាលិន បានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងស្វែងរកពេលវេលាត្រឹមត្រូវ និងវិធីសមស្របដើម្បីវាយបកវិញ”។

 ទោះបីជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ប្រទេសអ៊ីស្រាអែលនៅតែត្រូវការពេលវេលាដើម្បីស៊ើបអង្កេតហេតុការណ៍បំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ ខណៈដែលមានសំណួរជាច្រើននៅតែមិនទាន់អាចបកស្រាយបាន។

កាលពីថ្ងៃពុធ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ គ្រាប់បែកតាមដងផ្លូវបានផ្ទុះឡើង និងបង្ករបួសដល់ជន​ជាតិ​អារ៉ាប់​ម្នាក់​របស់ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ចន្ទ។

បន្ថែមខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍បង្ហាញថា ក្រោពេល​វាយប្រហារចប់ កម្លាំងអ៊ីស្រាអែលតាម​ប្រមាញ់​ទ្រង់ទ្រាយ​ធំ​ ដែល​បានចាប់ខ្លួន និង​សម្លាប់​ជន​សង្ស័យក្នុងរយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក។ កម្លាំងយោធា​កំពុងត្រួត​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការពាក់ព័ន្ធ​របស់​ក្រុម​ហេសបូឡា (Hezbollah)។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយលីបង់បានឱ្យដឹងថា លោក អេនដ្រៀរ ថេណិនធី  អ្នកនាំពាក្យកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាពេលថ្មីៗនេះពុំមានកំណត់ត្រានៃការឆ្លងកាត់រវាងប្រទេសលីបង់ និងអ៊ីស្រាអែល នោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហេសបូឡា (Hezbollah) គឺជាក្រុមកងជីវពលស្ហៀលីបង់ ដែល គ្រប់គ្រងតំបន់មួយចំនួនធំនៅភាគខាងត្បូងប្រទេសលីបង់។ ក្រុមនេះបាន​ប្រយុទ្ធ​ប្រឆាំង​នឹងកម្លាំង​អ៊ីស្រាអែល​អស់​ជាច្រើន​ទសវត្សរ៍មកហើយ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here