បំពង់ស៊ីឡាំងដែលមានផ្ទុកសារធាតុវិទ្យុសកម្មដែលគេរាយការណ៍ថា បានបាត់ពីមជ្ឈមណ្ឌលអគ្គិសនីមួយនៅខេត្ត ប្រជីនប៊ូរ៉ី ក្នុងប្រទេសថៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
ទីក្រុងបាំងកក៖ សារធាតុវិទ្យុសកម្ម ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា នៅឯរោងចក្រស្លដែកមួយកន្លែងក្នុងស្រុក ខាប៊ីនប៊ូរ៉ី ខេត្តប្រជីនប៊ូរ៉ី ភាគខាងកើតប្រទេសថៃ បន្ទាប់ពីមានបំពង់ស៊ីឡាំងដែកមួយ ផ្ទុកសារធាតុដូចគ្នានាដែលគេរាយការណ៍ថាបាត់កាលពីដើមខែនេះ។
បំពង់ស៊ីឡាំងនោះមានអង្កត់ផ្ជិត ១២,៧ សង់ទីម៉ែត្រ និងមានប្រវែងប្រមាណជា ៣០,៣២ សង់ទីម៉ែត្រមានផ្ទុកសារធាតុវិទ្យុសកម្មដែលមានឈ្មោះថា ស៊ីស្យូម-១៣៧ (Caesium-១៣៧)។ បំពង់ស៊ីឡាំងមានទម្ងន់ប្រមាណជា ២៥គីឡូក្រាមត្រូវបានគេដឹងថាបាត់ពីមជ្ឈមណ្ឌលអគ្គិសនីមួយ នៅក្នុងខេត្ត ប្រជីន ប៊ូរ៉ី ក្នុងអំឡុងពេលត្រួតពិនិត្យប្រចាំថ្ងៃ។ គេមិនទាន់រកឃើញបំពង់នេះនៅឡើយទេ។
ការប៉ះពាល់ទៅនឹងបរិមាណដ៏ច្រើននៃ សារធាតុវិទ្យុសកម្មស៊ីស្យូម-១៣៧ គ្រោះថ្នាក់ប្រព័ន្ធឈាម និងប្រព័ន្ធសរសៃប្រសាទ ដែលបណ្តាលឱ្យប្រកាច់ និងអាចបណ្តាលឱ្យស្លាប់ នេះបើយោងតាមប្រភពពីក្រសួងសុខាភិបាលសាធារណៈថៃ។
កាលពីថ្ងៃចន្ទ លោក រ៉ូនណារ៉ុង ណាកនជីនដា អភិបាលខេត្ត ប្រជីន ប៊ូរ៉ី មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា“កាលពីព្រឹកម្សិលមិញ សារធាតុវិទ្យុសកម្ម្ស៊ីស្យូម-១៣៧ ត្រូវបានរកឃើញក្នុងការ៉ុងធំ នៅរោងចក្រស្លលោហៈក្នុងស្រុក ខាប៊ីន ប៊ូរ៉ី នៃខេត្ត ប្រជីន ប៊ូរ៉ី។ អាជ្ញធរបានអះអាងថា សារធាតុវិទ្យុសកម្មស៊ីស្យូម-១៣៧ មិនមែនជាសារធាតុដែលកកើតឡើងខ្លួនឯងពីធម្មជាតិនោះទេ គឺមនុស្សជាអ្នកផលិតឡើង”។
សារធាតុដែលគេរកឃើញការ៉ុងធំគឺផ្ទុកទៅដោយសំណល់ដែលសល់ពីការស្លលោហធាតុ នេះបើយោងតាមលោក រ៉ូនណារ៉ុង។
លោកភិបាលខេត្តបាននិយាយថា “នៅពេលដែលមានសេចក្តីរាយការណ៍ពីរឿងនេះកាលពីពេលល្ងាច យើងបានបិទតំបន់នោះភ្លាម ហើយហាមមិនឲ្យមនុស្សចូលទៅក្នុងតំបន់នោះទេ។ អាជ្ញាធរក៏បានចុះពិនិត្យទីតាំងក្បែរនោះដើម្បីរកសារធាតុវិទ្យុសកម្ម ”។
លោកបានបន្ថែមថា “នៅពេលដែលគេយកឧបករណ៍រាវរកវិទ្យុសកម្មទៅដាក់នៅជិតការ៉ុងនោះ អំណានលើឧបករណ៍បានបង្ហាញថា សារធាតុវិទ្យុសកម្មស៊ីស្យូម-១៣៧នៅទីនោះ។” ប៉ុន្តែក្នុងចម្ងាយប្រមាណជា១០ម៉ែត្រ ពីទីតាំងរកឃើញសារធាតុ អំណានលើឧបករណ៍បានបង្ហាញថា មិនមានសារធាតុវិទ្យុសកម្មប្រភេទនេះទេ។
រោងចក្រស្លលោហៈនេះមានកម្មករប្រមាណ ៧០នាក់ហើយពួកគេត្រូវបានស្នើឱ្យឈប់ធ្វើការជាបណ្ដោះអាសន្នដើម្បីសុវត្ថិភាព។
លោក រ៉ូនណារ៉ុង បានឱ្យដឹងថា ក្រុម គ្រូពេទ្យ និង មន្ត្រី មក ពី ការិយាល័យ អាតូម ដើម្បី សន្តិភាព (Office of Atoms for Peace) ក្នុង ប្រទេស ថៃ នឹងធ្វើការត្រួតពិនិត្យសុខភាពដល់កម្មករទាំងនោះផងដែរ។
បំពង់ស៊ីឡាំងដែលបានបាត់នោះគឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនអគ្គិសនីជាតិ៥A។ លោក ផឺមសូក សាចាភីវ៉ាត់ អគ្គលេខាធិការនៃការិយាល័យអាតូមដើម្បីសន្តិភាពបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ហេតុការណ៍នេះមិនត្រូវបានរាយការណ៍ទៅកាន់សមត្ថកិច្ចភ្លាមៗនោះទេ ខណៈដែលក្រុមហ៊ុនបានដឹងពីការបាត់បំពង់ស៊ីឡាំង។ លោកបាននិយាយថា “មកដល់ពេល យើងនៅតែមិនដឹងថាវាបាត់ដោយរបៀបណា”។
លោក ផឺមសូក បានបន្ថែមថា រោងចក្រស្លលោហៈត្រូវបានបិទ ហើយឧបករណ៍រាវរកវិទ្យុសកម្មត្រូវបានប្រើប្រាស់ដើម្បីពិនិត្យតំបន់នោះ។
ការិយាល័យអាតូមដើម្បីសន្តិភាព គឺស្ថិតនៅក្រោមក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍។ ការិយាល័យនេះគ្រប់គ្រងលើការប្រើប្រាស់ដោយសុវត្ថិភាពនៃសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ នៅក្នុងប្រទេសថៃ ស្របតាមស្តង់ដារ និងកាតព្វកិច្ចអន្តរជាតិ។
អាជ្ញាធរមិនទាន់អាចបញ្ជាក់បានថា សារធាតុវិទ្យុសកម្មដែលរកឃើញនៅរោងចក្រស្លដែក ក្នុងស្រុក ខាប៊ីន ប៊ូរ៉ី មានប្រភពចេញពីបំពង់ស៊ីឡាំងដែលបាត់នេះឬយ៉ាងណាទេ។
លោក ផឺមសូក បាននិយាយថា “ ប៉ូលិសកំពុងធ្វើការយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកឱ្យដឹងថា តើវាជាករណីដែលបាត់សុីឡាំងដែកនោះឬយ៉ាងណា។ ប៉ុន្តែយើងដឹងច្បាស់ថា សារធាតុវិទ្យុសកម្មស៊ីស្យូម-១៣៧ ត្រូវបានគេរកឃើញនៅក្នុងស្រុក ខាប៊ីន ប៊ូរ៉ី នៃខេត្ត ប្រជីន ប៊ូរ៉ី ហើយសារធាតុបែបនេះមិនងាយត្រូវបានរកឃើញក្នុងបរិមាណកម្រិតបែបនេះទេ។”
យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺនៃក្រសួងសុខាភិបាលសាធារណៈបានឱ្យដឹងថា សាធារណជនគួរតែចៀសវាងការប៉ះពាល់ជាមួយនឹងសារធាតុវិទ្យុសកម្ម ឬធុងដែកដែលគួរឱ្យសង្ស័យ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ គួរតែរាយការណ៍ដោយខ្លួនឯងផ្ទាល់មកអាជ្ញាធរ និងលាងដៃរាល់ពេលមុនពេលទទួលទានអាហារ ឬភេសជ្ជៈ។
ប្រសិនបើបានប៉ះពាល់សារធាតុនេះ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យធ្វើការលាងសម្អាតភ្នែកជាមួយនឹងទឹកស្អាត និងលាងសម្អាតដៃក៏ដូចជាដងខ្លួន និងសក់របស់ពួកគេ ដើម្បីកាត់បន្ថយការចម្លង។ ពួកគេក៏ត្រូវបានណែនាំឱ្យផ្លាស់ប្តូរសម្លៀកបំពាក់ភ្លាមៗផងដែរ។
វត្ថុទាំងឡាយដែលគេជឿថាមានជាប់កខ្វក់ដោយសារធាតុវិទ្យុសកម្ម ត្រូវតែបញ្ជូនទៅពិនិត្យដោយអាជ្ញាធរ៕