ប្រទេសអាហ្វហ្គានីស្ថាន៖ មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៣នាក់ បន្ទាប់ពីពួកគេបានសម្រុកចូលទៅទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ ដែលមានពាក់ព័ន្ធជាមួយក្រុមភេរវករដែស្ហ (ISIS) ឬក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅក្នុងទីក្រុងកាប៊ុល។
លោក ហ្សាប៊ីលហូឡាស់ មូចាហ៊ីដ ប្រធានអ្នកនាំពាក្យសម្រាប់រដ្ឋបាលដែលគ្រប់គ្រងដោយក្រុមតាលីបង់បានសរសេរផុសនៅលើគណនីបណ្តាញសង្គមទ្វីតធ័ររបស់គាត់មានខ្លឹមសារថា កម្លាំងសន្តិសុខអាហ្វហ្កានីស្ថានបានបើកប្រតិបត្តិការប្រឆាំងនឹងទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករដែស្ហ ក្នុងតំបន់បាតហាក់នៃស្រុកប៉ូលិសឌីស្ទ្រីក១២ នៅទីក្រុងកាប៊ុល កាលពីយប់ថ្ងៃអង្គារ និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់។
ប្រភពមន្ត្រីបានអះអាងថា កម្លាំងរដ្ឋាភិបាលថែមទាំងបានរឹបអូសអាវុធ និងគ្រាប់រំសេវមួយចំនួន រួមទាំងគ្រាប់បែកដៃ ឧបករណ៍បំផ្ទុះ ឧបករណ៍បញ្ជាពីចម្ងាយ សមាសធាតុនិងសម្ភារៈប្រើប្រាស់ក្នុងការផលិតគ្រាប់មីន និងឧបករណ៍បំផ្ទុះជាច្រើនផ្សេងទៀតក្នុងអំឡុងពេលប្រតិបត្តិការ។
លោកមូចាហ៊ីដបានបន្ថែមឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធដែស្ហប្រដាប់ដោយអាវុធបានរៀបចំគម្រោងដើម្បីវាយប្រហារក្នុងអំឡុងខែរ៉ាម៉ាដានដែលជាខែតមអាហារដ៏វិសុទ្ធរបស់ជនជាតិមូស្លីមដែលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែកងកម្លាំងសន្តិសុខបានបង្ក្រាបផែនការដ៏អាក្រក់របស់ពួកគេ។
ក្រុមសកម្មប្រយុទ្ធដែស្ហ ឬក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សមួយចំនួននៅប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មិនទាន់បញ្ជេញមតិអ្វីនោះទេ។
រដ្ឋាភិបាលដែលគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន ដែលបានចាត់ទុកថាក្រុមភេរវករដែស្ហជាការគំរាមកំហែងគ្រោះថ្នាក់ បានប្តេជ្ញាបង្ក្រាបក្រុមប្រឆាំងប្រដាប់អាវុធទីតាំងផ្សេងទៀតនៅក្នុងប្រទេស៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ២២ ខែមីនា ឆ្នាំ២០២៣