ប្រទេសយេម៉ែន៖ មន្ត្រីយោធាម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១នាក់ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃអង្គារក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាមហ៊ូធី នៅខេត្តឡាចភាគខាងត្បូងនៃប្រទេសយេម៉ែន។
មន្ត្រីយោធាសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ “ការប៉ះទង្គិចគ្នាយ៉ាងសាហាវបានផ្ទុះឡើងរវាងក្រុមឧទ្ទាមហ៊ូធីប្រដាប់អាវុធជាច្រើននាក់ និងទាហាននៃកងពលតូចទីបួនរបស់រដ្ឋាភិបាលនៅជុំវិញតំបន់អាល់ខាប ក្នុងខេត្តឡាច ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។”
មន្ត្រីបាននិយាយថា ក្រុមឧទ្ទាមហ៊ូធី ៦នាក់ និងទាហានរដ្ឋាភិបាល ៥នាក់បានស្លាប់នក្នុងការប៉ះទង្គិចគ្នាដែលបានបង្ខំប្រជាជនជាច្រើននៅក្នុងភូមិក្បែរនោះឱ្យភៀសខ្លួនចេញពីផ្ទះដើម្បីស្វែងរកជម្រកថ្មី។
ក្រោយពីមានការប៉ះទង្គិចគ្នា អាជ្ញាធររដ្ឋាភិបាលក្នុងតំបន់បានបញ្ជាឱ្យកងទ័ពរបស់ពួកគេរក្សាការប្រុងប្រយ័ត្ន និងការពារការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធីទៅលើទីក្រុងឡាចដែលនៅជិតទីក្រុងអាដែនដែលជារដ្ឋធានីបណ្តោះអាសន្នរបស់រដ្ឋាភិបាលយេម៉ែន។
បើទោះបីជាមានការអំពាវនាវពីសហគមន៍អន្តរជាតិឱ្យបន្ថយភាពតានតឹង និងមានកិច្ចសន្ទនាគ្នាក៏ដោយ ក្រុមឧទ្ទាមហ៊ូធីនៅតែបន្តការវាយប្រហាររបស់ពួកគេទៅលើយោធានៅមូលដ្ឋានលើដីក្នុងខេត្តដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
ក្រោយពីមានការកើនឡើងនៃការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធីក្នុងខេត្តសម្បូរដោយប្រេងគឺខេត្តម៉ារ៉ីប និងខេត្តស្ហាបវ៉ា កាលពីថ្ងៃសុក្រ រដ្ឋាភិបាលនៃប្រទេសយេម៉ែនបានព្រមានអំពីការវិលត្រឡប់ទៅរកជម្លោះយោធាទ្រង់ទ្រាយធំនៅក្នុងប្រទេសអារ៉ាប់ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម។
ប្រទេសយេម៉ែនមានការប្រឈមមុខដាក់គ្នាប្រដាប់ដោយអាវុធជាបណ្តើរៗរវាងក្រុមផ្តាច់ខ្លួនជាច្រើនដែលកំពុងប្រយុទ្ធគ្នាក្នុងតំបន់ បន្ទាប់ពីបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិកាលពីខែមេសាឆ្នាំមុន បានផុតកំណត់នៅរយៈពេលប្រាំមួយខែក្រោយ។
ចាប់តាំងពីឆ្នាំ២០១៤មក ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិលដ៏សាហាវ ដោយក្រុមឧទ្ទាមហ៊ូធីបានប្រយុទ្ធនឹងរដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិ និងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលដែលរួមមានក្រុមកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។
សង្រ្គាមបានរុញច្រានប្រទេសអារ៉ាប់ដែលក្រីក្របំផុតរបស់ពិភពលោកឱ្យធ្លាក់ដល់កម្រិតនៃការដួលរលំ ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ជួបគ្រោះទុរ្ភិក្ស៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣