ក្រុមសកម្មប្រយុទ្ធ IS ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ ប្រភពសន្តិសុខបាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារតាមអាកាសកាលពីថ្ងៃព្រហស្បតិ៍ នៅភាគខាងកើតខេត្តឌីយ៉ាឡា ក្នុងប្រទេសអ៊ីរ៉ាក់។

លោក អាលី ហ្វាដហែល អូមរ៉ាន់ មេបញ្ជាការនៃប្រតិបត្តិការខេត្តឌីយ៉ាឡាបានប្រាប់អ្នកយកព័ត៌មានថា បើយោងតាមរបាយការណ៍ចារកម្មបានបញ្ជាក់ឱ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីរ៉ាក់បានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅតំបន់ជួរភ្នំហ៊ីមរ៉ីន ភាគខាងជើងខេត្តឌីយ៉ាឡា ដោយបានបំផ្លាញទីតាំងលាក់ខ្លួន និងសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់។

លោក អូមរ៉ាន់ បានបន្ថែមឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS សរុប ៤០នាក់ ក្នុងនោះមានមេដឹកនាំមួយចំនួនរបស់អង្គការភេរវករ ត្រូវបានសម្លាប់ក្នុងរយៈពេល ៥ខែកន្លងមកនេះ ក្នុងការវាយប្រហារតាមអាកាសទៅលើជួរភ្នំហ៊ីមរ៉ីន។

ទោះបីជាមានប្រតិបត្តិការយោធាម្តងហើយម្តងទៀតប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ដែលនៅសេសសល់ក៏ដោយ ក្រុមសកម្មប្រយុទ្ធជ្រុលនិយមនៅតែអាចលាក់ខ្លួនក្នុងតំបន់វាលខ្សាច់ តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំហ៊ីមរ៉ីន នៅខេត្តឌីយ៉ាឡា ខេត្តសាឡាហ៊ូឌីន និងខេត្តកឺកុក។

ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំង
សន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត និងបានវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here