ប្រទេសអេហ្ស៊ីប៖កាលពីថ្ងៃអាទិត្យលោកសាមេសស្ហូគ្រីរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបានអំពាវនាវឱ្យបញ្ចប់អំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់ និងការជ្រៀតជ្រែកពីបរទេសនៅក្នុងប្រទេសស៊ីរី ដើម្បីស្ដារសន្តិសុខ និងស្ថិរភាពរបស់ប្រទេសស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីបបញ្ជាក់ខ្លឹមសារថាក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីលោកហ្គៀរផេដឺរសិនអ្នកការទូតកំពូលរបស់ប្រទេសអេហ្ស៊ីបបានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសអេហ្ស៊ីបចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកផេដឺរសិនដើម្បីឈានទៅដល់ដំណោះស្រាយនយោបាយដ៏ទូលំទូលាយនៅក្នុងប្រទេសស៊ីរីដោយស្របតាមសេចក្តីសម្រេចចិត្តលេខ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខ។
សម្រាប់ភាគីប្រទេសស៊ីរីបេសកជនអង្គការសហប្រជាជាតិបានថ្លែងអំណរគុណដល់ប្រទេសអេហ្ស៊ីបចំពោះការចូលរួមចំណែក និងការគាំទ្រជាបន្តបន្ទាប់ក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថាលោកស្ហូគ្រីនិងលោកផេដឺរសិនបានពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីសម្រាលដល់ទុក្ខលំបាករបស់ប្រជាជនស៊ីរី៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣