ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយកាលពីអាទិត្យថា យ៉ាងហោចណាស់ទាហាន ១នាក់ និងក្រុមភេរវករ ២នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា ២លើកផ្សេងគ្នានៅក្នុងខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យ នៃ ប្រទេស ប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) បាននិយាយថាការបាញ់គ្នាបានកើតឡើង រវាង បុគ្គលិក សន្តិសុខ និងក្រុមភេរវករកាលពី ថ្ងៃសៅរ័នៅក្នុងតំបន់រ៉ាហ្សម៉ាក ភាគខាងជើងស្រុក វ៉ារ៉ីស្ថាន ក្នុងខេត្ត ខាយប័រផាកថុនវ៉ាដែលស្ថិតនៅជាប់ព្រំ ដែនជាមួយ ប្រទេសអាហ្វហ្កានីស្ថាន។
យោធាបាននិយាយថា៖ “កងទ័ពបានវាយប្រហារយ៉ាងមានប្រសិទ្ធភាពទៅលើទីតាំងក្រុមភេរវករ និងបានសម្លាប់ភេរវករម្នាក់។ អាវុធ និងគ្រាប់រំសេវមួយចំនួនក៏ត្រូវបានរកឃើញពីភេរវករដែលត្រូវបានសម្លាប់ផងដែរ។”
ប្រភព ISPR បានបន្ថែមឱ្យដឹងថា ការប៉ះទង្គិចគ្នាដ៏កាចសាហាវមួយផ្សេងទៀតបានកើតឡើងរវាងបុគ្គលិកសន្តិសុខ និងក្រុម ភេរវករនៅ តំបន់ការ៉ាម៉ា ភាគខាងត្បូងស្រុកវ៉ារ៉ីស្ថាន ដែលនាំឱ្យមានការសម្លាប់សមាជិកភេរវករម្នាក់។
ប្រភព ISPR បានបញ្ជាក់ឱ្យដឹងថា ក្នុងអំឡុងពេលនៃការបាញ់ប្រហារ ទាហានម្នាក់ក៏បានស្លាប់ផងដែរ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣