ប្រទេសយេម៉ែន៖កម្លាំងសន្តិសុខយេម៉ែនបានប្រកាសកាលពីថ្ងៃសៅរ៍ពីការចាប់ខ្លួនជនសង្ស័យ៨នាក់ដែលមានទំនាក់ទំនងជា មួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅភាគខាងត្បូងខេត្តឡាច។
នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានខ្លីមួយមានខ្លឹមសារថាកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការនៅពេលយប់ក្នុងតំបន់យ៉ាហ្វៀ នៃខេត្តឡាចនិងបានបង្ក្រាបសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៨នាក់ មានទាំងយុទ្ធជនបរទេស៤នាក់។
បុរសដែលត្រូវបានចាប់ខ្លួនទាំង ៨នាក់បានសារភាពថាពិតជាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នេះបើយោងតាមសេចក្តីថ្លែងការណ៍។
ក្នុងអំឡុងពេលមានជម្លោះយោធាអូសបន្លាយជាច្រើនឆ្នាំនៅ ក្នុងប្រទេសយេម៉ែនភាពតានតឹងបាននិងកំពុងកើនឡើង នៅតំបន់ភាគខាងត្បូងហើយក្រុមសកម្មប្រយុទ្ធដណ្តើមបានទីតាំងឈរជើងដោយកេងយកផលប្រយោជន៍ពី អស្ថិរភាពក្នុងពេលបច្ចុប្បន្ន។
គួររំលឹកផងដែរថាប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ ដោយក្រុមឧទ្ទាមហ៊ូធី ប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលដែលទទួលស្គាល់ពីអន្តរជាតិ និងកម្លាំងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាល៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣