ប្រទេសយេម៉ែន៖បើតាមមន្ត្រីក្នុងតំបន់បានបញ្ជាក់ឱ្យដឹងថាក្មេង២នាក់ត្រូវបានសម្លាប់និង៣នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃសៅរ៍នៅពេលដែលរថយន្តរបស់ពួកគេបើកបរលើគ្រាប់មីនបង្កប់ក្នុងដីនៅភាគខាងជើងខេត្តអាល់ចាហ្វនៃប្រទេសយេម៉ែន។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងក្នុងស្រុកអាល់ម៉ាស្លូប នៅភាគនិរតីនៃខេត្ត អាល់ចាហ្វដែលមានចម្ងាយប្រមាណជា៤៣គីឡូម៉ែត្រភាគឦសាននៃរាជធានីសាណាខណៈដែលគ្រួសាររបស់ពួកគេកំពុងធ្វើដំណើរ។
លោកបានបន្ថែមថាក្មេង២នាក់ក្នុងចំណោម៣នាក់ស្លាប់បាត់បង់ជីវិតចំណែកឯឪពុកម្តាយរបស់ពួកគេនិងក្មេងម្នាក់ទៀតរងរបួស។
នៅក្នុងរបាយការណ៍កាលពីពេលថ្មីៗនេះបានបង្ហាញថាអង្គការសហប្រជាជាតិបញ្ជាក់ថាគ្រាប់មីនបង្កប់ក្នុងដីនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលហៅកាត់ថា (UXOs) បានបណ្តាលឱ្យជនស៊ីវិល ១២១នាក់រងគ្រោះក្នុងប្រទេសយេម៉ែននៅត្រីមាសទី១ ឆ្នាំ២០២៣។
របាយការណ៍មានខ្លឹមសារបន្ថែមថា ជនរងគ្រោះភាគច្រើនគឺជាអ្នកនៅក្នុងខេត្តហូដេសដាស់ ខេត្តអាល់ ចាហ្វ និងខេត្តម៉ារ៉ីប។ ភ្លៀងធ្លាក់ជោកជាំនៅតំបន់ទាំងនេះបានធ្វើឱ្យគ្រឿងផ្ទុះអណ្តែតឡើងមកផ្ទៃដីខាងលើ ដែលជាហេតុបង្កឱ្យមានការផ្ទុះដោយអចេតនា។
ប្រទេសយេម៉ែនគឺកំពុងរងការញាំញីដោយគ្រាប់មីនបង្កប់ក្រោមដី និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅក្នុងប្រទេស ដោយបានបង្កការគំរាមកំហែងជាបន្តបន្ទាប់ដល់អាយុជីវិតនិងសុខុមាលភាពរបស់ជនស៊ីវិលជាច្រើននៅពេលខាងមុខទៀត។
ចាប់តាំងពីចុងឆ្នាំ២០១៤ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងជម្លោះយោធាយ៉ាងសាហាវរវាងក្រុមឧទ្ទាមហ៊ូធីនិងកម្លាំងរបស់រដ្ឋាភិបាលដែលទទួលស្គាល់ពីអន្តរជាតិ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣