ប្រទេសម៉ារ៉ុក៖កាលពីថ្ងៃចន្ទប៉ូលិសប្រទេសម៉ារ៉ុកបានចាប់ខ្លួនមនុស្ស៣នាក់ដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)។
ជនសង្ស័យមានអាយុចន្លោះពី៣១ឆ្នាំ ទៅ ៤០ឆ្នាំ ត្រូវបានចាប់ខ្លួននៅភាគខាងជើងខេត្តថេនហ្កៀរ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យកណ្តាលសម្រាប់ការស៊ើបអង្កេតតុលាការដែលជាការិយាល័យស៊ើបការណ៍សម្ងាត់របស់ប្រទេសម៉ារ៉ុក។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថាពួកគេកំពុងរៀបចំការវាយប្រហារភេរវកម្មដ៏គ្រោះថ្នាក់ដែលមានគោលដៅបំផ្លាញសន្តិសុខ និងស្ថិរភាពរបស់ប្រទេសម៉ារ៉ុក។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ជនសង្ស័យបានផ្តល់ភក្ដីភាពទៅកាន់មេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ថានឹងវាយប្រហារកំណត់គោលដៅលើស្ថាប័នសំខាន់ៗ។ ជនសង្ស័យនឹងត្រូវនាំខ្លួនទៅកាត់ទោសនៅពេលបញ្ចប់ការស៊ើបអង្កេតដែលដឹកនាំដោយការិយាល័យអយ្យការសាធារណៈ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣