មនុស្ស ៤០នាក់ស្លាប់ ក្នុងការវាយប្រហារភេរវកម្មនៅប្រទេសបួគីណាហ្វាសូ

0

ប្រទេសបួគីណាហ្វាសូ៖បើតាមប្រភពជាច្រើនបាននិយាយកាលពីថ្ងៃអង្គារថាមនុស្សប្រមាណជា៤០នាក់ក្នុងនោះមានទាំងកម្លាំងជំនួយត្រូវបានសម្លាប់កាលពីចុងសប្តាហ៍ក្នុងការវាយប្រហារភេរវកម្ម២លើកនៅភាគពាយ័ព្យនៃប្រទេសបួគីណាហ្វាសូ។

លោកអភិបាលស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យដោយពុំបានបញ្ជាក់លម្អិតអំពីចំនួនអ្នកស្លាប់ថា ការ​វាយ​ប្រហារ​លើក​ទី​មួយ​សំ​ដៅទៅ​លើ​ក្បួន​រថយន្ត​ប្រដាប់​អាវុធ​​នៅ​ក្បែរតំបន់ប៉ូរ៉ាសូ នៃស្រុក ប៊ូក្លេ ឌូ មូហូន កាលពីថ្ងៃសៅរ៍។

អ្នកស្រុកបានប្រាប់អ្នកយកព័ត៌មានថាមនុស្សប្រមាណជា២០នាក់ក្នុងនោះមានទាំងកម្លាំងជំនួយត្រូវបានសម្លាប់ក្នុងការវាយប្រហារខណៈដែលភ្នាក់ងារព័ត៌មានបួគីណាបាននិយាយថាអ្នកប្រយុទ្ធ១៨នាក់ដែលរងរបួសគឺកំពុងស្ថិតក្រោមការព្យាបាល។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថានៅក្នុងស្រុកដដែលមានការវាយប្រហារមួយផ្សេងទៀតដែលបានសម្លាប់មនុស្សប្រមាណជា ២០នាក់កាលពីថ្ងៃអាទិត្យនៅតំបន់វ៉ាការ៉ា។

យោងតាមប្រភពពីសន្តិសុខបានឱ្យដឹងថាក្រុមភេរវករជាច្រើននាក់ត្រូវបានសម្លាប់ដោយកងកម្លាំងការពារនិងកម្លាំងសន្តិសុខ ដែលជាការឆ្លើយតបទៅនឹងការវាយប្រហារទាំងនេះ។

​ក្នុង​សុន្ទរកថា​មួយ​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ចំពោះ​មុខ​ក្រុម​សមាជិក​សភា លោកនាយករដ្ឋមន្ត្រី អាផូលីនៀរ យូអាឃីមសាន់ ខាយឡេម ដឺ​  ថាមបេឡា បានប្រកាសអំពីការបង្កើតកងវរសេនាតូចអន្តរាគមន៍រហ័សចំនួន៦ កង​អាវុធហត្ថ​ចំនួន​៦ និងមូលដ្ឋានទ័ពអាកាសថ្មីចំនួន២ និងជ្រើសរើសទាហានថ្មីចំនួន 6,000នាក់។

ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេសបួគីណាហ្វាសូក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និងមិន​ព្រមចរចា​ជាមួយ​ក្រុម​ភេរវករ​ប្រដាប់​អាវុធ​ឡើយ។

ចាប់តាំងពីឆ្នាំ២០១៥ ស្ថានភាពអសន្តិសុខនៅក្នុងប្រទេសអាហ្វ្រិកខាងលិចបានសម្លាប់មនុស្សជាច្រើននាក់ និងរាប់ពាន់នាក់ទៀតបានផ្លាស់ទីលំនៅ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here