បុគ្គលិកយោធា២នាក់ស្លាប់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត

0

ប្រទេសយ៉េមែន៖ មន្ត្រីសន្តិសុខក្នុងតំបន់ម្នាក់បានប្រាប់អ្នកយកព័ត៌មានថា  បុគ្គលិកយោធាយ៉េមែន២នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធអាល់កៃដាដែលមានមូលដ្ឋានក្នុងប្រទេសយ៉េមែន នៅភាគខាងត្បូងខេត្តអាប់យ៉ាន។

មន្ត្រីសន្តិសុខក្នុងតំបន់ម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា ហេតុ​ការណ៍នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​សកម្មប្រយុទ្ធ​អាល់កៃដា​បានបង្កប់​គ្រឿងផ្ទុះដោយកំណត់គោលដៅទៅលើរថយន្តសង្គ្រោះបន្ទាន់យោធារបស់កម្លាំងរដ្ឋាភិបាល នៅស្រុកម៉ូឌីយ៉ាក្នុងខេត្តអាប់យ៉ាន បណ្តាលឱ្យមានការផ្ទុះយ៉ាងសន្ធៅ។

យោងតាមប្រភពដដែលបានឱ្យដឹងថា សមាជិកនៃបុគ្គលិកពេទ្យ និងទាហានម្នាក់មកពីកម្លាំងរដ្ឋាភិបាលបានបាត់បង់ជីវិត ខណៈដែលទាហានផ្សេងទៀតរងរបួស។

លោកនិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យសាធារណៈក្បែរនោះនៅទីក្រុងអាដែន។

មន្ត្រីយ៉េមែនបាននិយាយថា ជាញឹកញាប់កម្លាំងសន្តិសុខរងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធអាល់ កៃដា ដោយពួកគេប្រើប្រាស់គ្រាប់បែកបំផ្ទុះតាមដងផ្លូវ និងគ្រឿងបំផ្ទុះជាច្រើនទៀត ទោះបីជាមិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើរថយន្តសង្គ្រោះរបស់យោធាក៏ដោយ។

នៅក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​ការ​គំរាម​កំហែង​ភេរវកម្ម កម្លាំងរដ្ឋាភិបាលគាំទ្រដោយកម្លាំងចម្រុះដឹកនាំដោយកម្លាំងអារ៉ាប៊ីសាអូឌីត បានធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំជាច្រើនដងនៅទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធអាល់ កៃដា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែនៅមិនទាន់អាចលុបបំបាត់ក្រុមដែលលាក់ខ្លួនក្នុងតំបន់ភ្នំនៅខេត្តភាគខាងត្បូងនៃប្រទេសយេម៉ែន។

គួររំលឹកផងដែរថា ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ ដោយក្រុមឧទ្ទាមហ៊ូធីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលដែលទទួលស្គាល់ពីអន្តរជាតិ និងកម្លាំងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាល៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី22 ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here