ប្រទេសតួកគី៖ ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍កាលពីថ្ងៃពុធថា អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគីបានសម្លាប់សមាជិកជាន់ខ្ពស់នៃគណបក្សពលករឃឺដ (PKK) ក្នុងប្រតិបត្តិការមួយក្នុងខេត្តសូលីម៉េនីយ៉េស ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគីបានឱ្យដឹងថា សមាជិកជាន់ខ្ពស់នៃគណបក្សពលករ
ឃឺដដែលត្រូវបានសម្លាប់មានឈ្មោះថាចេឡាល ខាយ៉ា។ លោកកំពុងដឹកនាំសមាជិកមួយក្រុមក្នុងប្រទេសអ៊ីរ៉ាក់ដែលបានរៀបចំផែនការសកម្មភាពភេរវកម្មប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធតួកគីដែលកំពុងធ្វើប្រតិបត្តិការនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់និងបានប្រមូលផ្តុំសមាជិកចារកម្ម។
ប្រព័ន្ធផ្សព្វផ្សាយតួកគីបានចុះផ្សាយថា ទីតាំងរបស់លោក ខាយ៉ា ត្រូវបានរកឃើញដោយប្រើភ្នាក់ងារនៅក្នុងបណ្តាញស៊ើបការណ៍ក្នុងស្រុក។ កម្លាំងស៊ើបការសម្ងាត់រង់ចាំពេលវេលាមួយសមស្រប និងកម្ចាត់ក្រុមភេរវករបានដោយជោគជ័យនៅក្នុងប្រតិបត្តិការនេះ។
ភ្នាក់ងារស៊ើបការណ៍សម្ងាត់តួកគីបានបង្កើនប្រតិបត្តិការរបស់ខ្លួននៅបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបញ្ឈប់សកម្មភាពភេរវករនៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីដែលជាប្រទេសជិតខាងនៅភាគអាគ្នេយ៍នៃប្រទេសតួកគី។
ខណៈដែលបក្សពលករឃឺដ ដែលត្រូវបាន ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបចាត់ទុកថាជាអង្គភាពភេរវកម្ម បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគី អស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣