ប្រទេសកេនយ៉ា៖ ប៉ូលិសបានឱ្យដឹងថា យ៉ាងហោចណាស់មន្ត្រីប៉ូលិស ៣នាក់ ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតរងរបួសនៅពេលដែលរថយន្តរបស់ពួកគេបើកបរលើគ្រឿងផ្ទុះកែច្នៃកាលពីថ្ងៃចន្ទ នៅក្នុងតំបន់ហ្ការីហ្សា ភាគខាងជើងប្រទេសកេនយ៉ា។
ប៉ូលិសបាននិយាយនៅក្នុងរបាយការណ៍មួយមានខ្លឹមសារថា បន្ទាប់ពីមានហេតុការណ៍ផ្ទុះ ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបបានសម្លាប់មន្ត្រីប៉ូលិសទាំងនោះ។ មនុស្សដែលរងរបួសក្នុងការវាយប្រហារត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្នុងតំបន់ហ្ការីហ្សា។ ចំណែកឯក្រុមភេរវករបានរត់គេចចេញពីកន្លែងកើតហេតុ។
នេះគឺជាការវាយប្រហារលើកទី២ ដែលបានកំណត់គោលដៅទៅលើកម្លាំងសន្តិសុខនៅក្នុងតំបន់ក្នុងរយៈពេល ១សប្តាហ៍។ កាលពីថ្ងៃទី៥ ខែកក្កដា អង្គភាពប៉ូលិសរងការវាយប្រហារពីក្រុមភេរវករនៅក្នុងតំបន់ម៉េនដឺរ៉ា ដែលបណ្តាលឱ្យប៉ូលិស ៨នាក់ស្លាប់ និងក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ស្លាប់យ៉ាងហោចណាស់ ២០នាក់ ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣