ប្រទេសយេម៉ែន៖ រដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់សម្លាប់មន្ត្រីប៉ូលិសជាន់ខ្ពស់របស់កម្លាំងរដ្ឋាភិបាលយេម៉ែននៅភាគនិរតីនៃតំបន់ថេស។
មន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា មន្ត្រីម្នាក់ដែលគេស្គាល់ថាជាលោកសាឡាស់ អាមរ៉ានី ត្រូវបានខ្មាន់កាំភ្លើងជិះម៉ូតូបាញ់ប្រហារនៅខាងក្រៅអាគារស្នាក់នៅរបស់គាត់កាលពីយប់ថ្ងៃចន្ទ។
លោកបានបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលពាក់ម៉ាស់បាញ់ទៅលើលោក អាមរ៉ានី ដោយគ្រាប់កាំភ្លើងធំ បណ្តាលឲ្យគាត់ស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។ មកទល់ពេលនេះនៅមិនទាន់មានដឹងពីគោលបំណងនៃការវាយប្រហារនេះទេ។
លោក អាមរ៉ានី គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ដែលមានតួនាទីជាកម្លាំងប៉ូលិសពិសេសរបស់
រដ្ឋាភិបាលនៅក្នុងតំបន់ថេស ដែលជាចំណុចកណ្តាលនៃការប្រឈមមុខដាក់គ្នាដោយអាវុធជាបន្តបន្ទាប់រវាងក្រុមជម្លោះក្នុងស្រុក។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ការសម្លាប់ដែលសំដៅទៅលើតែបុគ្គលិកសន្តិសុខ និងមន្ត្រីរដ្ឋាភិបាល បានក្លាយទៅជារឿងធម្មតា
ខណៈដែលសង្រ្គាមស៊ីវិលនៅតែបន្តកើតមានអស់រយៈពេលប្រមាណជា៩ឆ្នាំ។ ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីដណ្តើមខេត្តមួយចំនួននៅភាគខាងជើងមកគ្រប់គ្រង និងបង្ខំរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីរាជធានីសាណា៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣