ប្រទេសអ៊ីស្រាអែលប្រើបច្ចេកវិទ្យា AI ដើម្បីវាយប្រហារតាមអាកាស

0

កម្លាំងយោធាអ៊ីស្រាអែលត្រូវបានរាយការណ៍ថា បានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត AI ដើម្បីបង្កើនល្បឿនវាយប្រហារតាមអាកាសរបស់ខ្លួន និងគ្រប់គ្រងផែនការដឹកជញ្ជូនសម្រាប់ការវាយឆ្មក់ជាបន្តបន្ទាប់ខណៈដែលភាពតានតឹងកើនឡើងក្នុងទឹកដីដែលគ្រប់គ្រងដោយប៉ាឡេស្ទីន។

សារព័ត៌មានប្លូមបឺកចុះផ្សាយកាលពីថ្ងៃអាទិត្យដោយដកស្រង់សម្តីរបស់មន្ត្រីយោធាអ៊ីស្រាអែលមានខ្លឹមសារថា ប្រព័ន្ធវាយប្រហារដែលមានមូលដ្ឋានលើបច្ចេកវិទ្យា AI អាចដំណើរការទិន្នន័យដ៏ច្រើនបានយ៉ាងរហ័ស ដើម្បីកំណត់អាទិភាព និងកំណត់គោលដៅរាប់ពាន់កន្លែងទាំង សម្រាប់​យន្តហោះមានមនុស្សបើក និង​យន្តហោះ​គ្មាន​មនុស្ស​បើក។  កម្លាំងការពារដែនអាកាសអ៊ីស្រាអែលថែមទាំងបានពង្រាយកម្មវិធី AI មួយផ្សេងទៀត ដែលមានឈ្មោះថា Fire Factory។ កម្មវិធី Fire Factory អាចរៀបចំដឹកជញ្ជូនក្នុងពេលកើតសង្គ្រាមដូចជាការ​គណនា​ចំនួននៃការផ្ទុកគ្រាប់​បែក និង​កាលវិភាគ​សម្រាប់​ការវាយប្រហារ​នីមួយៗ។

ការបញ្ចេញព័ត៌មាននេះធ្វើឡើងបន្ទាប់ពីកម្លាំងក្រុងយេរូសាឡឹមខាងលិចបង្កើនការវាយប្រហារតាមអាកាសទៅលើតំបន់វេសប៉េងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលការវាយប្រហារនោះមានឈ្មោះថា ប្រតិបត្តិការផ្តោតលើការប្រឆាំងភេរវកម្ម។ យ៉ាងហោចណាស់ មានមនុស្ស ១៥នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃទី៨ ខែឧសភា នៅលើឆ្នេរសមុទ្រនៃតំបន់ហ្កាហ្សាក្នុងទឹកដីប៉ាឡេស្ទីន។

សារព័ត៌មានប្លូមបឺកបានបន្ថែមឱ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យា AI ដែលប្រើប្រាស់ដោយកម្លាំងយោធាអ៊ីស្រាអែលពឹងផ្អែកលើការត្រួតពិនិត្យរបស់មនុស្សដើម្បីផ្ទៀងផ្ទាត់ និងអនុម័តផែនការវាយប្រហារតាមអាកាស និងការវាយឆ្មក់នីមួយៗ។ លោកវរសេនីយ៍ឯកនៃកម្លាំងយោធាអ៊ីស្រាអែលបាននិយាយថា “ការងារដែលធ្លាប់តែប្រើពេលរាប់ម៉ោង ឥលូវនេះចំណាយពេលតែប៉ុន្មាននាទី និងពីរបីនាទីបន្ថែមទៀតសម្រាប់ការផ្ទៀងផ្ទាត់ពីមនុស្ស។ ចំនួនមនុស្សដូចគ្នា យើងនឹងអាចធ្វើការងារបានច្រើនជាងនេះ ”

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភអំពីផលវិបាកដែលអាចកើតមាននៃការគណនាខុសរបស់បច្ចេកវិទ្យា AI ក៏ដូចជាលទ្ធភាពដែលនឹងត្រូវដកមនុស្សចេញពីដំណើរការនៃការសម្រេចចិត្តនៅពេលដែលបច្ចេកវិទ្យាជឿនលឿន។ លោក ថាល ម៉ីរ៉ាម​ សាស្ត្រាចារ្យច្បាប់ និងជាអតីតទីប្រឹក្សាយោធានៅសកលវិទ្យាល័យ Hebrew of Jerusalem បាននិយាយថា “ប្រសិនបើមានកំហុសក្នុងការគណនារបស់បច្ចេកវិទ្យា AI ហើយប្រសិនបើបច្ចេកវិទ្យា AI មិនអាចកំណត់បាន តើយើងបន្ទោសអ្នកណាចំពោះកំហុសនេះ? “អ្នកអាចបំផ្លាញគ្រួសារមួយទាំងមូល … ដោយកំហុស។ ”

កម្លាំងយោធាអ៊ីស្រាអែលបានចាត់ទុកជម្លោះកាលពីខែឧសភា ឆ្នាំ២០២១ នៅក្នុងតំបន់ហ្កាហ្សាថា ជា សង្គ្រាម AI ដំបូងបង្អស់ក្នុងពិភពលោក ផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីពន្លឿនការវិភាគក្នុងការស៊ើបការណ៍សម្ងាត់លើក្រុមសកម្មប្រយុទ្ធក្នុងតំបន់។ កាលពីសប្តាហ៍មុន ក្រុមការងារកិច្ចសន្យាការពារជាតិអ៊ីស្រាអែល Elbit Systems បានបង្ហាញពីប្រព័ន្ធប្រតិបត្តិការ AI-driven” Legion-X របស់ពួកគេ សម្រាប់យន្តហោះគ្មានមនុស្សបើក៕

ប្រភព RT ចុះផ្សាយឡើងវិញថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here