ប្រទេសអេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបបានថ្កោលទោសកាលពីថ្ងៃអង្គារចំពោះការវាយប្រហារ
ភេរវកម្មទៅលើសាលាយោធានៅក្នុងទីក្រុងម៉ូហ្កាឌីស្យុ ប្រទេសសូម៉ាលី ដែលបានសម្លាប់ ទាហានយ៉ាងហោចណាស់ ២៥នាក់។
មន្ត្រីក្រសួងការបរទេសអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា ប្រទេសអេហ្ស៊ីបគឺកំពុងឈរនៅខាងប្រទេសសូម៉ាលីប្រឈមនឹងអំពើហិង្សា សកម្មភាពជ្រុលនិយម និងភេរវកម្មគ្រប់ប្រភេទ ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលមានខ្លឹមសារបន្ថែមថា ប្រទេសអេហ្ស៊ីបបានសម្តែងការចូលរួមរំលែកទុក្ខ និងអាណិតអាសូរដោយស្មោះចំពោះរដ្ឋាភិបាល និងប្រជាជនសូម៉ាលី ដោយជូនពរអ្នករបួសទាំងអស់ឆាប់ជាសះស្បើយ។
យោងតាមទាហានរដ្ឋាភិបាលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់មកពីក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ដែលមានទំនាក់ទំនងជាមួយនឹងក្រុមសកម្មប្រយុទ្ធអាល់កៃដាដែលបានពាក់អាវកាក់គ្រឿងផ្ទុះ បានបំផ្ទុះខ្លួនឯងនៅសាលាបណ្តុះបណ្តាលយោធា កាលពីថ្ងៃចន្ទនៅក្បែរក្រសួងការពារជាតិសូម៉ាលី។
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣