ប្រទេសតួកគី៖ ទូរទស្សន៍តេអាតេដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា ប៉ូលិសបានឃុំខ្លួនជនសង្ស័យជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបរទេសចំនួន ៩នាក់ នៅក្នុង
ទីក្រុងអង់ការ៉ានៃប្រទេសតួកគី។
ទូរទស្សន៍តេអាតេបានស្រង់សម្តីមន្ត្រីសន្តិសុខអនាមិកម្នាក់មានខ្លឹមសារថា ពួកគេស្ថិតក្នុងចំណោមជនសង្ស័យឧក្រិដ្ឋជនបរទេសទាំង ១០នាក់ ដែលត្រូវបានចាប់ឃុំខ្លួនក្នុងអំឡុងពេលប្រតិបត្តិការដែលដំណើរការដោយអង្គភាពប្រឆាំងភេរវកម្មរបស់ប៉ូលិសតួកគី និងក្រុមស៊ើបអង្កេត។
យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ជនសង្ស័យនឹងត្រូវប្រគល់ទៅឱ្យនាយកដ្ឋាន
អន្តោប្រវេសន៍តួកគីសម្រាប់ការនិរទេស ក្រោយពីផ្តល់សក្ខីកម្មរបស់ពួកគេរួច។ ទូរទស្សន៍
តេអាតេបានរាយការណ៍ថា ជនសង្ស័យមួយចំនួនបានស្នាក់នៅក្នុងតំបន់ជម្លោះ និងមានសកម្មភាពគួរឱ្យកត់សម្គាល់នៅក្នុងក្រុមនៅរយៈពេលប៉ុន្មានឆ្នាំមកនេះ។
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) នៅតែបន្តមានសកម្មភាពក្នុងទឹកដីនៃប្រទេសស៊ីរី។ ព្រំដែនភាគខាងត្បូងរបស់ប្រទេសតួកគីជាមួយប្រទេសស៊ីរីបានក្លាយជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ប្រជាជនស៊ីរី និងអ្នកប្រយុទ្ធបរទេសចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅក្នុងប្រទេសស៊ីរីកាលពីឆ្នាំ២០១១។
រដ្ឋាភិបាលតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ជាអង្គការភេរវករកាលពីឆ្នាំ២០១៣ ដោយស្តីបន្ទោសក្រុមនោះចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៥។
កាលពីឆ្នាំ២០១៦ ប្រទេសតួកគីបានបើកប្រតិបត្តិការឆ្លងព្រំដែនលើកដំបូងនៅភាគខាងជើងប្រទេសស៊ីរី ដែលប្រតិបត្តិការនោះមានឈ្មោះថាអឺប្រាតស្ហែល ដើម្បីលុបបំបាត់សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅជុំវិញតំបន់ចារ៉ាប្លុស និងតំបន់អាហ្សាស់ នៃប្រទេសស៊ីរី៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣