ប្រទេសតួកគី៖ យោងតាមក្រសួងការពារជាតិរបស់ប្រទេសតួកគីកាលពីថ្ងៃអង្គារបានឱ្យដឹងថា យ៉ាងហោចណាស់សមាជិកអង្គភាពការពារប្រជាជនឃឺដស៊ីរីហៅកាត់ថា (YGP) ៤នាក់ត្រូវបានសម្លាប់ ដោយកម្លាំងតួកគីនៅភាគខាងជើងប្រទេសស៊ីរី។
មន្ត្រីក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កម្លាំងប្រដាប់អាវុធតួកគីបានបង្ក្រាបសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី បន្ទាប់ពីពួកគេពួកគេបានបាញ់ប្រហារនៅទីតាំងមួយចំនួនដែលកម្លាំងតួកគីធ្វើប្រតិបត្តិការ។
មន្ត្រីក្រសួងបាននិយាយថា “យើងបន្តឆ្លើយតបទៅកាន់ក្រុមភេរវករដែលចង់បំផ្លាញសន្តិភាព និងសន្តិសុខរបស់ប្រជាជននៅក្នុងប្រទេសស៊ីរី”។
ជាញឹកញាប់ អាជ្ញាធរតួកគីប្រើពាក្យ “បង្ក្រាប” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដើម្បីបង្ហាញពីការចុះចាញ់ ឬការស្លាប់របស់ក្រុមភេរវករ។
ចំណែឯការប្រឈមមុខគ្នារវាងកម្លាំងយោធាតួកគី និងសមាជិក YGP នៅភាគខាងជើងប្រទេសស៊ីរីវិញមានការកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ មន្ត្រីក្រសួងបាននិយាយកាលពីថ្ងៃសុក្រថា សមាជិកអង្គភាពការពារប្រជាជនឃឺដស៊ីរី ៥នាក់ ត្រូវបានសម្លាប់ដោយកម្លាំងតួកគីភាគខាងជើងប្រទេសស៊ីរី នៅពេលពួកគេកំពុងរៀបចំការវាយប្រហារ។
កម្លាំងតួកគីបានបើកប្រតិបត្តិការមួយចំនួនចាប់តាំងពីឆ្នាំ២០១៦ នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីបង្កើតតំបន់គ្មានវត្តមានសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរីនៅតាមបណ្តោយព្រំដែនជាប់ប្រទេសជិតខាង។
គួររំលឹកផងដែរថា ប្រទេសតួកគីចាត់ទុកសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី ជាសាខារបស់គណបក្សពលករឃឺដ (PKK)។ បក្សពលករឃឺដ ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ដែលអង្គភាពនេះបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលប្រមាណជាជាង៣០ឆ្នាំមកហើយ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣