ប្រទេសសូម៉ាលី៖ មន្ត្រីទ័ពជាតិសូម៉ាលីកាលពីថ្ងៃសៅរ៍ បានសម្លាប់ក្រុមភេរវករ អាល់ ស្ហាបាប ២៣នាក់ នៅតំបន់ភាគខាងត្បូងនៃប្រទេស។
មន្ត្រីក្រសួងការពារជាតិបាននិយាយថា ប្រតិបត្តិការយោធាចំនួន៣លើក ត្រូវបានធ្វើឡើងនៅភូមិបូឡា ហ្វូឡី ក្នុងតំបន់បេយ ដោយក្រុមទាហានបានបំផ្លាញមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធចំនួន៣កន្លែង។
មន្រ្តីក្រសួងបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “ក្រុមភេរវករ ២៣នាក់ ក្នុងនោះមានមេបញ្ជាការ ២នាក់ ត្រូវបានសម្លាប់។ ទីតាំងគោលដៅរួមមានប៉ុស្តិ៍ត្រួតពិនិត្យ យានដ្ឋានសម្រាប់ប្រមូលគ្រឿងផ្ទុះ និងការិយាល័យរដ្ឋបាលដែលមេដឹកនាំនានាប្រើប្រាស់”។
ប្រតិបត្តិការយោធាចុងក្រោយកើតឡើងនៅពេលដែល កម្លាំងទ័ពបេសកកម្មផ្លាស់ប្តូរសហភាពអាហ្រ្វិកនៅប្រទេសសូម៉ាលី ហៅកាត់ថា (ATMIS) និងដៃគូរបស់ពួកគេកំពុងរៀបចំសមយុទ្ធវាយតម្លៃរួមគ្នាក្នុងដំណាក់កាលទី១ នៃការដកទ័ព ATMIS ដែលបានបញ្ចប់កាលពីខែមិថុនា។
កម្លាំងរដ្ឋាភិបាលបានបន្តការវាយប្រហាររបស់ពួកគេប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ
អាល់ ស្ហាបាប ចាប់តាំងពីលោកប្រធានាធិបតីហាស់សាន ស្ហៀក មូហាម៉ាត់ បានប្រកាសសង្រ្គាមទាំងស្រុងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធកាលពីឆ្នាំ២០២២។
លោកប្រធានាធិបតីបានប្តេជ្ញាកម្ចាត់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ចេញពីមូលដ្ឋានរបស់ពួកគេដើម្បីការពារប្រជាជន និងបញ្ឈប់ការផ្សព្វផ្សាយដោយការបំភិតបំភ័យ និងភាពជ្រុលនិយមនៅក្នុងប្រទេស៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣