ប្រទេសប៉ាគីស្ថាន៖ យោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ក្រុមភេរវករ ៤នាក់ និងទាហានម្នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍បះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធនៅភាគពាយ័ព្យខេត្តខាយប័រ ផាកថុនវ៉ា ប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍នេះបានកើតឡើងនៅពេលរំលងអាធ្រាតថ្ងៃសៅរ៍ នៅពេលដែលកម្លាំងសន្តិសុខបានចេញប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ចារកម្មនៅក្នុងស្រុកបាចាវ។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា “អំឡុងពេលប្រតិបត្តិការ ការបាញ់គ្នាកើតឡើងរវាងកម្លាំងសន្តិសុខ និងក្រុមភេរវករ”។
ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា កម្លាំងសន្តិសុខបានរកឃើញអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះ ក្នុងនោះមានទាំងអាវកាក់បំផ្ទុះដែលបន្សល់ទុកដោយក្រុមភេរវករ។ ក្រុមភេរវករ ដែលស្លាប់ទាំងនោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣