មនុស្ស ៤នាក់ស្លាប់ ដោយគ្រឿងផ្ទុះកែច្នៃតាមដងផ្លូវ

0

ប្រទេសកេនយ៉ា៖ ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ៤នាក់ ត្រូវបានសម្លាប់ និង ៨នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះតាមដងផ្លូវកាលពីល្ងាចថ្ងៃសៅរ៍ ក្នុងតំបន់ម៉េនដឺរ៉ា នៅក្បែរព្រំដែនប្រទេសកេនយ៉ា និងប្រទេសសូម៉ាលី។

យោងតាមរបាយការណ៍សន្តិសុខរបស់ប៉ូលិសបានឱ្យដឹងថា រថយន្តក្រុងធន់តូចមួយគ្រឿងក្នុងដំណើរកំពុងចេញពីតំបន់ម៉េនដឺរ៉ាទៅកាន់តំបន់វ៉ាចឺរ រងការវាយប្រហារពីគ្រាប់បែកបង្កប់ដោយក្រុមភេរវករអាល់ ស្ហាបាប។

ឧបទ្វហេតុនេះបានកើតឡើងនៅពេលច្របូកច្របល់នៃប្រតិបត្តិការដែលធ្វើឡើងដោយកម្លាំងពិសេសកេនយ៉ា។

​តាមប្រភពព័ត៌មានក្នុងតំបន់បានបញ្ជាក់ឱ្យដឹងថា ក្រុមភេរវករ អាល់ ស្ហាបាប បានលបវាយឆ្មក់ទៅលើភូមិបេមបូ វេស នៅតំបន់ម៉េនដឺរ៉ា ណស្ស កាលពីថ្ងៃអាទិត្យ និងបានដុតផ្ទះជាច្រើនខ្នង។ ប៉ូលិសបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើករណីដែលថា ក្រុមសកម្មប្រយុទ្ធបានចាប់ជំរិតមនុស្ស ៣នាក់។

តំបន់ម៉េនដឺរ៉ា ដែលស្ថិតនៅក្បែរព្រំដែនប្រទេសកេនយ៉ា និងប្រទេសសូម៉ាលី គឺជាតំបន់មួយ ក្នុង​ចំណោម​តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុតពី​ការ​វាយ​ប្រហារ​របស់​ក្រុមភេរវករអាល់ ស្ហាបាប។ តំបន់ភាគឦសាននៃប្រទេសកេនយ៉ារងការវាយប្រហារដោយគ្រាប់បែកដៃ និងកាំភ្លើងក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីប្រទេសកេនយ៉ាបានពង្រាយកម្លាំងទ័ពរបស់ពួកគេទៅកាន់ប្រទេសសូម៉ាលីដើម្បីប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប។

គួរបញ្ជាក់ថា ក្រុមជ្រុលនិយមបានផ្លាស់ប្តូរយុទ្ធសាស្ត្រ និងងាកមកចាប់ពង្រត់មនុស្ស រួមទាំងប្រើប្រាស់ឧបករណ៍បំផ្ទុះកែច្នៃដើម្បីវាយប្រហារនៅក្នុងតំបន់ព្រំដែន៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here