មនុស្ស ៦នាក់ស្លាប់នៅព្រលានយន្តហោះដោយការទម្លាក់គ្រាប់បែក

0

ប្រទេសអ៊ីរ៉ាក់៖ មន្ត្រីក្នុងតំបន់ និងខាងវេជ្ជសាស្ត្របានប្រាប់អ្នកយកព័ត៌មានក្នុងតំបន់ថា ការទម្លាក់គ្រាប់បែកកំណត់គោលដៅលើអាកាសយានដ្ឋាននៅតំបន់ឃឺដពាក់កណ្តាលស្វយ័តរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទ បានសម្លាប់មនុស្ស ៦នាក់ និងបង្ករបួសដល់មនុស្សម្នាក់។

ប្រភពសន្តិសុខឃឺដសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា ការវាយប្រហារបានកើតឡើងនៅពេលរសៀលនៅតំបន់អាកាសយាន្តដ្ឋានអាបាត អាហ្គ្រីខាលឆឺរ នៅជាយក្រុងភាគអាគ្នេយ៍នៃទីក្រុងសូឡាយម៉េនីយាស ដែលមានចម្ងាយប្រមាណជា​ ៣២៥គីឡូម៉ែត្រ ភាគឦសានទីក្រុងបាកដាដ។

ប្រភពបាននិយាយថា គេពុំទាន់ដឹងច្បាស់ថាការវាយប្រហារទម្លាក់គ្រាប់បែកធ្វើឡើងតាមរយៈយន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ ឬជាការវាយប្រហារគ្រាប់មីស៊ីលនោះទេ។ អាជ្ញាធរនៅតែព្យាយាមស្រាវជ្រាវថា ការវាយប្រហារទម្លាក់គ្រាប់បែកអាចជាការវាយប្រហារភេរវកម្មដែលជាការវាយប្រហារដោយអចេតនា ឬជាការវាយប្រហារដោយភាគីខាងក្រៅ”។

លោកបានបន្ថែមថា កម្លាំងសន្តិសុខបានបិទទីតាំងអាកាសយានដ្ឋាន ហើយប្រតិបត្តិស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការវាយប្រហារ និងអ្នកវាយប្រហារ។

ប្រភពពីខាងវេជ្ជសាស្ត្រនៅមន្ទីរពេទ្យស្ហារក្នុងទីក្រុងសូឡាយម៉េនីយ៉ាស បានប្រាប់អ្នកយកព័ត៌មានថា មនុស្ស ៦នាក់ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែកនៅអាកាសយានដ្ឋានអាបាត និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់។ ខាងមន្ទីរពេទ្យមានភាពប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីការវាយប្រហារ។

អាជ្ញាធរសន្តិសុខឃឺដនៅមិនទាន់ធ្វើសេចក្តីថ្លែងការណ៍ផ្លូវការចំពោះការវាយប្រហារនេះទេ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here